(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៩លើក បណ្ដាលឲ្យមនុស្សស្លាប់១៥នាក់, របួសស្រាល១២នាក់ និងរបួសធ្ងន់១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៧គ្រឿង, រថយន្តតូច១១គ្រឿង, រថយន្ដធុងធំ៥គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់ឆ្វេង-ស្ដាំ, ប្រជែង, ងងុយដេក, កត្តាយានយន្ដ និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៣០លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣៤នាក់, របួសធ្ងន់១៧៣នាក់ និងរបួសស្រាល១៣១នាក់៕