(ពោធិ៍សាត់)៖ ព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងកម្មករ កម្មការិនីនៅព្រឹកថ្ងៃនេះ ធ្វើឡើងនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង៦ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយ សម្តេចប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃនេះមកពីស្រុកក្រគរចំនួន៣ ស្រុកបាកាន់ចំនួន១ និងក្រុងពោធិ៍សាត់ចំនួន១។ លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៦នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៤ និងខ្មែរចំនួនពីរ។

រោងចក្រ សហគ្រាសទាំង៦ រួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២, ផ្គត់ផ្គង់អគ្គិសនីចំនួន២, ផលិតត្រង់ស្វូអគ្គិសនីចំនួន១ និងចិញ្ចឹមសត្វចំនួន១។ លោករដ្ឋមន្ត្រីក្រសួងការងារ បានអះអាងថា ផលិតផលដែលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ខេត្តពោធិ៍សាត់ គឺជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម និងនេសាទ ហើយខេត្តនេះក៏ជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវ និងជាតំបន់តស៊ូរបស់ខ្មែរក្រហមផងដែរ។ ការដាក់ចេញ នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យខេត្តពោធិ៍សាត់ និងទឹកដីកម្ពុជាទាំងទទួលបានសុខសន្តិភាពពេញលេញ។ សុខសន្តិភាពនេះបានផ្តល់ឱកាសឲ្យខេត្តពោធិ៍សាត់បានពង្រីកការអភិវឌ្ឍរបស់ខ្លួនផងដែរ។

តាមរយៈគោលនយោបាយពង្រាយរោងចក្ររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យវត្តមានរោងចក្រ សហគ្រាសជាច្រើនរំលេចវត្តមាននៅលើទឹកដីខេត្តពោធិ៍សាត់។ បច្ចុប្បន្នខេត្តពោធិ៍សាត់ បានក្លាយជាខេត្តមានការទាក់ទាញអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម វារីអគ្គិសនី។ល។ និងមានសហគ្រាស គ្រឹះស្ថានការងារចំនួន១០៧ មានកម្មករ និយោជិតចំនួន ១១,៤០៧នាក់ ដោយទទួលបានប្រាក់ឈ្នួលសរុប ៣៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៉ិត សំហេង បានចាត់ទុកសមិទ្ធិផលលើវិស័យឧស្សាហកម្មក្នុងខេត្តពោធិ៍សាត់ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបេសកកម្មជួបសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧។ មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករ និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៦៦លើក ដែលមានអ្នកចូលរួមសរុប ៩៤២,២៦៧នាក់។

តាមរយៈបេសកម្មចុះជួបកម្មករ និយោជិតជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានរួមចំណែកដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់កម្មករ និយោជិត និងបានដាក់ចេញនូវនយោបាយជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់កម្មករ និយោជិត និងលើកកម្ពស់ជីវភាពរបស់ពួកគេ។

ដើម្បីធានាដល់ការរក្សាបាននូវអត្ថប្រយោជន៍ផ្សេងដែលសម្តេចតេជោ បានដាក់ចេញនោះ បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងបន្តតាមដានយកចិត្តទុកដាក់ទៅលើការងារសំខាន់ៗចំនួន ១០រួមមាន៖

១៖ គ្រប់រោងចក្រទាំងអស់អនុវត្តប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩ ចំនួន ១៨២ដុល្លារ និងបានបើកប្រាក់ឈ្នួល ២សប្តាហ៍ម្តង ជូនកម្មករនិយោជិត។

២៖ កម្មករនិយោជិតទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។

៣៖ កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០ភាគរយ ស្មើនឹង ២១៨ដុល្លារ នៃប្រាក់ឈ្នួលអប្បបរមា ១៨២ដុល្លារ និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។

៤៖ បានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន។ ឆ្នាំ២០១៨ មានកម្មការិនីសម្រាលកូនចំនួន ៦៥,០៥៤នាក់ ចំនួនកូន ៦៥,៥៣៤នាក់ កូនភ្លោះ២ ចំនួន ៩៤០នាក់ និងកូនភ្លោះ៣ ចំនួន១៥នាក់ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនប្រមាណជិត ៦លាន ៦សែនដុល្លារ។ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៩ ខែមីនា
ឆ្នាំ២០១៩ មានកម្មការិនីសម្រាលកូនចំនួនជាង ១ម៉ឺន ៦ពាន់នាក់ ចំនួនកូនជិត ១ម៉ឺន ៧ពាន់នាក់ ក្នុងនោះកូនភ្លោះ២ ចំនួន ៩៤នាក់ កូន ១៨៨នាក់ និងកូនភ្លោះ៣ ចំនួន ១នាក់ កូនចំនួន ៣នាក់ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនជាង ១លាន ៧សែនដុល្លារអាមេរិក។

៥៖ និយោជកបានអនុវត្តកាតព្វកិច្ចបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព១០០% ជំនួសកម្មករ និយោជិត។

៦៖ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល និងជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតនៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។

៧៖ បានរៀបចំច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីអនុវត្តផ្នែកសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និង ផ្នែករបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅឆ្នាំ២០១៩ នេះ។

៨៖ ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត ៦ខែម្តង។

៩៖ ក្រសួងពាក់ព័ន្ធបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក។

១០៖ បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូរួមមាន៖ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សឹង្ហបូរី និង ប្រទេសមួយចំនួនទៀត ដើម្បីផ្តល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឱ្យបងប្អូនទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ៕