(កំពង់ចាម)៖ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋានស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងលួចលេងសុីសងខុសច្បាប់ (ជល់មាន់ដាក់លុយ) ចំនួនមួយកន្លែង នៅចំណុចវាលស្រែក្រោយភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ជាលទ្ធផល ពេលសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ ក្រុមអ្នកលេងជល់មាន់ទាំងអស់ បាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់វត្ថុតាងមួយចំនួន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិនេះកម្លាំងនគរបាលដកហូតបាន ម៉ូតូចំនួន៣៥គ្រឿង, កៅអីជ័រចំនួន១០, មាន់ជល់ (មាន់ងាប់) ចំនួួន០២ក្បាល, ស៊ុមក្រុងមាន់ចំនួន១០, កន្រ្តក់ដាក់មាន់ចំនួន០៦, ក្រណាត់ហ៊ុមព័ទ្ធសង្វៀនជល់មាន់ចំនួន០១, ចានអាប៉ោងចំនួន០១, ផ្តិលគ្របអាប៉ោងចំនួន០១ និងប៉ារ៉ាតង់ចាស់ៗចំនួន០៣។

លោកស្នងការបន្ថែមថា តាមការស្រាវជ្រាវ និងព័ត៌មានបឋម ជនដែលជាម្ចាស់ទីតាំង ជ ល់មានខាងលើមានឈ្មោះ នីន គឹមសឿន ហៅជង្រុក អាយុ៣៥ឆ្នាំ មានទីលំនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវបន្ត តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕