(កណ្តាល)៖ ក្នុងគោលបំណងធ្វើសកម្មភាពសប្បុរសធម៌ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត កាលពីសប្តាហ៍មុននេះ បានចុះផ្តល់អំណោយជាសម្ភារ និងថវិកា ដែលស្មើនឹងទឹកប្រាក់សរុបចំនួន ២ម៉ឺនដុល្លារជូនដល់ជនក្រីក្រចំនួន ៦៨១គ្រួសារ នៅស្រុងអង្គស្នួល ខេត្តកណ្តាល។

ពិធីនេះក៏មានការចូលរួមពីលោក រស់ វណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនលោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ក្នុងនោះក៏មានថ្នាក់ដឹកនាំជាច្រើនរូបទៀត បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌នេះផងដែរ។

នៅក្នុងកម្មវិធីសប្បុរសធម៌នេះ លោក រស់ វណ្ណា បានថ្លែងអំណគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការយកចិត្តទុកដាក់របស់អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ចំពោះក្រុមពលរដ្ឋទន់ខ្សោយនៅខេត្តកណ្តាល និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការសប្បុរស នៅព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានអំពាវនាវដល់ជនគ្រប់ជាន់ថ្នាក់ ឲ្យចូលរួមចំណែកក្នុងកិច្ចការសប្បុរស ដើម្បីជាកំលាំងក្នុងការចូលរួមកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។

លោក លី មីញ បានឱ្យដឹងដែរថា ចាប់តាំងពីអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានបង្កើតឡើងមក អង្គការបានធ្វើសកម្មភាពសប្បុរសធម៌ ស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះអង្គការបានផ្តួចផ្តើមសកម្មភាពសប្បុរសជាង ២០០កន្លែង ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ និងបានបរិច្ចាកជាថវិកា និងសម្ភារៈស្មើនឹងទឹកប្រាក់សរុបប្រមាណ ៦លានដុល្លារអាមេរិក។

លោកបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សេដ្ឋកិច្ចប្រទេសជាតិ មានការរីកចម្រើនយ៉ាងខ្លាំងក្លា ហើយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានសម្រេចសមិទ្ធិផលយ៉ាងប្រសើរក្នុងរយៈពេល ៤ឆ្នាំកន្លងមក គិតចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើង។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងផ្តល់ឱកាសការងារជាង ១០ម៉ឺនកន្លែងក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីលើកកម្ពស់អត្រាមានការងារធ្វើនៅកម្ពុជា ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោក លី មីញ បានបន្ថែមទៀតថា សហគ្រាសឆ្នើមពិតប្រាកដ មិនត្រឹមតែបង្កើតទ្រព្យធនក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការផងដែរ នូវទំនួលខុសត្រូវក្នុងសង្គម។ ខណៈពេលដែលមានការអភិវឌ្ឍជាលំដាប់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏មិនភ្លេចតបស្នងទៅកាន់សង្គមកម្ពុជាវិញ ដោយក្តីស្រលាញ់របស់ខ្លួនផងដែរ។ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ កសាងផ្លូវថ្នល់ ផ្តល់ជំនួយដល់ការសិក្សាជាថវិកា និងព្យាយាមអស់ពីកំលាំងកាយចិត្តក្នុងការគាំទ្រ និងការអភិវឌ្ឍកិច្ចការសប្បុរស។ នាពេលអនាគត អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត នឹងបន្តកិច្ចការសប្បុរស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕