(ភ្នំពេញ)៖ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា គិតមកត្រឹមពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណជាង៤ពាន់នាក់ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋទាំង១៧០លើក បានចំនួន ៤១៤,២៩៤នាក់ (សែសិបមួយម៉ឺនបួនពាន់ពីររយកៅសិបបួននាក់) នៅ១៧រាជធានី-ខេត្ត ហើយការងារសប្បុរសធម៌ របស់ក្រុមគ្រូពេទ្យទាំងអស់ បានធ្វើឡើងអស់រយៈពេល៧ឆ្នាំមកហើយ ដោយបានជួយវិស័យសុខាភិបាលកម្ពុជាមួយកម្រិត។

ការបញ្ជាក់របស់ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះ ធ្វើឡើងនាឱកាសដែលក្រុមការងារបានចុះពិនិត្យ និងព្យាបាល ចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន១២,៩៦៩នាក់ នៅសាលាបឋមសិក្សារបៀប ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមនឹងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។

លោក លេង ផាលី បានបញ្ជាក់ថា «មកដល់នឹងពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមទីប្រជុំជន និងតំបន់ដាច់ស្រយាលទូទាំង១៧រាជធានី និងខេត្ត បានចំនួន៤១៤,២៩៤នាក់ (សែសិបមួយម៉ឺនបួនពាន់ពីររយកៅសិបបួននាក់)»

លោកបន្តថា «ប្រទេសជាតិយើងនេះ មានសុខសន្តិភាពហើយ ទើបមានក្រុមគ្រូពេទ្យមកព្យាបាល នៅតំបន់ដាច់ស្រយ៉ាល, ជាក់ស្តែងបើកាលណាប្រទេស មានសុខសន្តិភាព យើងអាចធ្វើឲ្យធ្វើឲ្យពួកគាត់មានសុខភាពល្អ ហើយកាលណាប្រជាពលរដ្ឋមានសុខភាពល្អ ទើបយើងមានការអភិវឌ្ឍន៍ប្រទេសបានយ៉ាងល្អ បើកាលណាប្រជាពលរដ្ឋមិនមានសុខភាពល្អនោះទេ ប្រទេសជាតិក៏គ្មានការអភិវឌ្ឍន៍នោះដែរ»

ក្រៅពីនោះ លោក លេង ផាលី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុករវៀង ខេត្តព្រះវិហារទាំងអស់ ត្រូវចេះតែរក្សាសុខភាពឲ្យបានត្រឹមត្រូវ ក៏ព្រោះតែអាកាសធាតុមួយរយៈចុងក្រោយនេះ មានការប្រែប្រួលជាច្រើន វាអាចនឹងឲ្យប្រជាពលរដ្ឋងាយប្រឈមនឹងកើតជំងឺផ្សេងៗជាក់ជាមិនខាន។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនបានបង្ការទុកជាមុន។

លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋ គួរតែមានថ្នាំសង្កូវនៅជិតខ្លួនជានិច្ច ដែលជាការបង្ការខ្លួនបានយ៉ាងល្អ នៅពេលដែលសាច់ញ្ញាតិ្តរបស់ខ្លួនមានជំងឺផ្សេងៗ ដែលត្រូវការថ្នាំ ដើម្បីព្យាបាលជាបន្ទាន់ ហើយការទុកដាក់ថ្នាំឲ្យបានត្រឹមត្រូវនេះ អាចនឹងសង្គ្រោះជីវិតអ្នកជំងឺបានយ៉ាងប្រសើរថែមទៀតផង។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បង្កើតឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៧រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង, ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេងនៃខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យទាំងអស់ មកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីឲ្យពួកគាត់ក្នុងស្រុករវៀង ទាំងមូលមានសុខភាពល្អ។

អភិបាលខេត្តព្រះវិហាររូបនេះ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូពេទ្យទាំងអស់ ដែលសុទ្ធសឹងតែគ្រូពេទ្យជំនាញៗ និងមានបទពិសោធច្រើនឆ្នាំ មកព្យាបាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្ទាល់ ដែលជាហេតុធ្វើឲ្យពួកគាត់មានជំនឿជាក់ខ្ពស់ ចំពោះសមត្ថភាពក៏ដូចជាឧបករណ៍ព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យ ដែលដឹកនាំដោយលោក លេង ផាលី។

តាមរបាយការណ៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅស្រុករវៀង ខេត្តព្រះវិហារ សម្រេចបាន៖ ជំងឺកុមារ៣៩២នាក់, ជំងឺស្រ្តី២៩២នាក់, ជំងឺផ្លូវចិត្ត២២៧នាក់, ជំងឺឫសដូងបាត៣៤៣នាក់, ជំងឺសន្លាក់ឆ្អឹង២០៩នាក់, ជំងឺរលាកសួត២៧១នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក២៧៨នាក់, ជំងឺភ្នែក៩៩នាក់, ជំងឺសើរស្បែក២៨១នាក់, ជំងឺទឹកនោមផ្អែ៤២៧នាក់, ជំងឺមាត់ធ្មេញ១៧១នាក់, អេកូសាស្ត្រ៤០៩នាក់ ព្យាបាលរបួសនិងវះកាត់តូច៧៦ និងជំងឺទូទៅ៩,៤៩៤នាក់៕