(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបទបាឋកថាមួយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ស្តីពី «សាវតារ បុព្វហេតុ និងមាគ៌ានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា» ក្រោមអធិបតីភាពរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងអនុប្រធានគណបក្សប្រជាជនកម្ពុជា។

បាឋកថានេះ ក៏មានវត្តមាន លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោក កែ ប៊ុនខៀង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ព្រមទាំង លោក លោកជំទាវ ជាអនុប្រធាននិងសមាជិកនៃគណៈកម្មាធិការគណបក្សប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជាមានការចូលរួមពីយុវជនគណបក្សប្រជាជនកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រមាណ ១៥០០ រូប ។

កម្មវិធីបទបាឋកថានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣ ដូចតទៅ៖

ទី១៖ បង្ហាញនិងបញ្រ្ជាបជូនយុវជន ឱ្យបានយល់ដឹងស៊ីជម្រៅនូវអ្វីដែលជាសាវតារ បុព្វហេតុ និងមាគ៌ានយោបាយរបស់គណបក្ស

ទី២៖ ពង្រឹងមូលដ្ឋានដ៏រឹងមាំនៃការជឿជាក់ និងការគាំទ្រដ៏ពិតប្រាកដឥតងាករេ របស់យុវជន មកលើគណបក្ស

ទី៣៖ បង្កើនសក្តានុពលភាពរបស់យុវជនសកម្មជន របស់គណបក្ស ក្នុងបុព្វហេតុបង្កើនជំនឿរបស់ពលរដ្ឋមកលើការដឹកនាំរបស់គណបក្សជានិរន្តរ៍ ។

ជាលទ្ធផល បទបាឋកថានេះ ពិតជាបានផ្តល់ចំណេះដឹងស៊ីជម្រៅអំពីប្រវត្តិសាស្រ្តពិតប្រាកដរបស់ ប្រទេសជាតិ ដែលបានឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ព្រមទាំងអំពីមហាពលិកម្មរបស់គណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទៈមោះមុតប្តូរផ្តាច់បង្រួបបង្រួមទឹកដី និង ស្ថាប័ន ពង្រឹងឯកភាពជាតិ អធិបតេយ្យជាតិ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ឡើងវិញ ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តជាង ៥០០ ឆ្នាំចុងក្រោយរបស់កម្ពុជា។ ទន្ទឹមនេះ យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជឿជាក់ថាមានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងបាននាំមកនូវសន្តិភាពពេញលេញសម្រាប់កម្ពុជាទាំងមូល និងមានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ដែលបាន និងកំពុងទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើងរីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តាំផ្ញើឱ្យយុវជនគណបក្សប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យបន្តខិតខំទ្វេដង ដើម្បីការពារសមិទ្ធិផលដែលគណបក្សប្រជាជាជន បានកសាង និងសម្រេចបាន ក៏ដូចជា ប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់គណបក្ស កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល និងបទប្បញ្ញត្តិច្បាប់ជាធរមាន ឲ្យសមស្របតាមទស្សនៈមហាជន ដើម្បីជាឧត្តមប្រយោជន៍ ដល់ប្រទេសជាតិ និង ប្រជាពលរដ្ឋកម្ពុជា៕