(សៀមរាប)៖ ​ថ្លែងនៅក្នុងបើកកិច្ចប្រជុំ ​នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០១៩ នៅ សណ្ឋាគារអង្គរសេនជូរី ​របស់នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព អន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ថា ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគ​អេដស៍ ជាងពីរទស្សវត្សរ៍កន្លងមក ដែលនាំឲ្យកម្ពុជាសម្រេចបានគោលដៅ៩០-៩០-៩០ នៅឆ្នាំ២០១៧ គឺដោយសារ ការគាំទ្រដ៏រឹងមាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កន្លងមក រាជរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ បានធ្វើការយ៉ាងជិតស្និទ្ធ ដោយ​ប្រកាន់យក «វិធីសាស្រ្តផ្តោតលើប្រជាជន»។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបន្តថា នៅឆ្នាំ១៩៩១ ករណីមេរោគអេដស៍ជាលើកដំបូង ត្រូវបានរាយការណ៍នៅកម្ពុជា នៅឆ្នាំ១៩៩៥ មានករណីឆ្លងរហូតដល់ជាង២៣០០០នាក់។ រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងការកសាង កម្មវិធីផ្អែកលើភ័ស្តុតាងដែលកាត់ បន្ថយចំនួនឆ្លងថ្មី មកនៅតិចជាង១០០០នាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០១៨។ តាមការប៉ាន់ប្រមាណថា មានប្រជាជន ៦៧០០០ នាក់កំពុងរស់នៅជាមួយមេរោគអេដស៍នៅកម្ពុជា។ ក្នុងនោះ ៨៦% នៃពួកគេបានដឹងពីស្ថានភាពជំងឺអេដស៍ ៩៨%ដែលបានដឹង ពីស្ថានភាពជំងឺបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និង៨០%នៃអ្នកទទួលការព្យាបាលមានកម្រិតមេរោគ​ អេដស៍ក្នុងឈាមតិចបំផុត។

​អស់រយៈពេលជិតបីទសវត្សរ៍កន្លងទៅនេះ អង្គការខាណា បានក្លាយជាអង្គការ មិនមែនរដ្ឋាភិបាលជាតិធំបំផុតដែលផ្តល់សេវាបង្ការ ថែទាំ និងគាំទ្រមេរោគអេដស៍ និងជំងឺអេដស៍នៅកម្រិតសហគមន៍ ក៏ដូចជា សុខភាពបន្តពូជ ផែនការគ្រួសារ សុខភាពមាតា និងទារក កម្មវិធីជំងឺរបេង និងការកសាងជីវភាពផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរថា ការឆ្លងរាលដាលជំងឺអេដស៍មិនទាន់បញ្ចប់នៅឡើយទេ វាកំពុងតែវិវឌ្ឍ។ ដូច្នេះយើងកំពុងរៀបចំផែនទី បង្ហាញផ្លូវក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយចីរភាព។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ​ដាក់ចេញវិធានការចំនួន ៦ចំណុចទាក់ទងនឹងការឆ្លើយតប មេរោគអេដស៍និងជំងឺអេដស៍ ដោយសហការជាមួយនឹងក្រសួងនឹងស្ថាប័ន ដែលពាក់ព័ន្ធ។ ក្នុងនោះរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិឲ្យសិក្សាលំហថវិកា ដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់បញ្ហាអេដស៍ នៅក្នុងឆ្នាំ២០២៥​។ ឯក្រសួងដែលពាក់ព័ន្ធ ក៏ត្រូវទទួលស្គាល់តួនាទីសំខាន់របស់អង្គការសង្គមស៊ីវិល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងបន្តគាំទ្រឱ្យមានការចូលរួមបន្តទៀត តាមរយៈការផ្តល់មូលនិធិពីរាជរដ្ឋាភិបាល តាមលទ្ធភាពថវិកាជាតិ។

ដោយឡែកលោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា (KHANA) បានថ្លែងថា កិច្ចប្រជុំដែលរៀបចំនៅទឹកដីសៀមរាបអង្គរ ដែលជាទឹកដីពិសិដ្ឋ និងទឹកដីរបស់អាទិទេពនេះ បានទទួលនូវការគាំទ្រយ៉ាងពេញ ទំហឹងពីលោកទេសរដ្ឋមន្រ្តី អៀង មូលី និងបានការឧបត្ថម្ភខាងបច្ចេកទេស និងសម្ភារពីលោកស្រី Christine Stegling នាយកប្រតិបត្តិ នៃអង្គការហ្រ្វន់ឡាញអេដស៍ (Frontline AIDS)។ នេះជាកិច្ចប្រជុំពិសេសដែលធ្វើឡើង ចំខួប២៥ឆ្នាំ នៃភាព ជាដៃគូរបស់អង្គការសម្ព័ន្ធភាពអន្តរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ជាសកល។ ជាមួយគ្នានេះ សម្រាប់កម្ពុជា ក៏ជាខួប២៥ឆ្នាំ នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ដោយប្រើវិធីសាស្រ្តពហុវិស័យ ផងដែរ។ លោកបានបន្តថា អង្គការខាណា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដែលជាគម្រោងមួយរបស់អង្គការសម្ព័ន្ធភាព អន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។ បច្ចុប្បន្ន អង្គការខាណា កំពុងបំពេញការងារនៅទីក្រុងភ្នំពេញ និងខេត្ត១៤ ដោយផ្តល់សេវា ដល់ប្រជាជនគន្លឹះជាង ៣៥០០០នាក់ដែលទទួលរងផលប៉ះពាល់ ដោយមេរោគអេដស៍ និងរបេង។

បន្ទាប់មក លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានថ្លែងថា សកម្មភាពអនុវត្តរបស់អង្គការខាណា និងអង្គការដៃគូ មន្ទីរសុខាភិបាលខេត្តដែល ជាសេនាធិការចំណុះឲ្យរដ្ឋបាលខេត្តសៀមរាប បានផ្តល់កិច្ចសហប្រតិបត្តិ ការភាពជាដៃគូ និងការគាំទ្រ។ ដើម្បីដំណើរការអនុវត្តសកម្មភាពប្រព្រឹត្តទៅ ដោយភាពរលូន ក្នុងការចូលរួមដោះស្រាយបញ្ហា ដល់ប្រជាពលរដ្ឋ និងសហគមន៍ដែលរងគ្រោះក្នុងនោះ មានកម្មវិធីអេដស៍ របេង សុខភាពបន្តពូជ និងសុខភាពពាក់ព័ន្ធផ្សេងៗ ទៀត។ ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្ត នឹងពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហារបស់ អង្គការសង្គមស៊ីវិល និងសមាគមន៍ ដែលកំពុងអនុវត្តសកម្មភាព​ក្នុងខេត្តសៀមរាប ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ។

លោកស្រី គ្រីស្ទីន ស្ទេលីង (Christine Stegling) នាយកប្រតិបត្តិអង្គការហ្រ្វន់ឡាញអេដស៍ (Frontline AIDS) បានថ្លែង​នៅក្នុងចំណាប់អារម្មណ៍ថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស៧ប៉ុណ្ណោះ ដែលបានសម្រេចគោលដៅ៩០-៩០-៩០។ លោកស្រីចង់ស្វែងយល់ពីជោគជ័យកម្ពុជា និងចង់ដឹងថាតើកម្ពុជា ធ្វើយ៉ាងណាក្នុងការគាំទ្រសង្គមស៊ីវិល ដោយប្រើថវិកាក្នុង ស្រុកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍។

មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងវេទិកាអន្តរជាតិនេះ លោកចង់ស្វែងយល់ថា តើការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍អាច រួមចំណែកដល់ការពន្លឿនល្បឿន​ ឈានទៅសម្រេចសេវាសុខាភិបាលគ្របដណ្តប់ជា សាកលនៅប្រទេសទាំង២៤បែបណា ហើយថា តើយើងត្រូវប្រើមេរៀនដែលបានមកពីមេរោគអេដស៍ និងជំងឺអេដស៍បែបណា ដើម្បីធ្វើឲ្យមានភាពជាដៃគូកាន់តែប្រសើរ ក្នុងវិស័យសុខាភិបាល និងហួសពីសុខាភិបាល ដោយមានចិត្តបើកទូលាយ និង ប្រកាន់យក «វិធីសាស្រ្តផ្តោតលើប្រជាជន»៕