(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា សហកាជាមួយបណ្ឌិត្យសភា នៃប្រទេសប៉ូឡូញ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំបាឋកថាមួយ ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ» នៅទីស្តីការរាជបណ្ឌិត្យសភាកម្ពុជា។

បាឋកថានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក សាស្ត្រចារ្យ Rafal Smoczynski វិទ្យាស្ថានទស្សនវិជ្ជ និងសង្គមវិជ្ជា បណ្ឌិតសភាវិទ្យាសាស្ត្រសង្គម ប៉ូឡូញ។ ជាមួយគ្នានេះដែរ លោក សុខ ទូច បានលើកឡើងថា ដំណើរនៃមូលធននិយម គឺមានតម្លៃខ្ពស់ដែលធ្វើឱ្យការបម្រែបម្រួលពិភពលោក មានការរីកចម្រើនក្នុងកម្រិតខ្ពស់ មូលធននិយម គឺជាការប្រកួតប្រជែង ខាងគំនិត និងបញ្ញាស្មារតី។

លោក សុខ ទូច បានថ្លែងថា កម្ពុជាឆ្លងកាត់៤ដំណាក់កាល ទើបបានមកដល់មូលធននិយម ហើយការដោះដូរនៃរបបនីមួយៗ គឺសុខចិត្តមានការកំណែទម្រង់ តែមិនអាចដោះដូររបបឡើយ ព្រោះបើមានការដោះដូររបប ធ្វើឱ្យប្រទេសជាតិអាចបែកបាក់ខ្ទេចខ្ទីជាក់ជាមិនខាន។

ទន្ទឹមនឹងនេះដែរ លោក សុខ ទូច បានរំលឹកឡើងថា ប្រទេសអង់គ្លេស ជាប្រទេសមួយដែលឈានមុខគេបបង្អស់នូវមូលធននិយមក្នុងសតវត្សទី១៩ ប៉ុន្តែការផ្ដួលរំលំរបបសក្តិភូមិតាំងពីឆ្នាំ១៦៤០ មកម្ល៉េះ។ ដូច្នេះ យើងឃើញថា ដំណើរនៃមូលធននិយម គឺមានតម្លៃខ្ពស់ណាស់ ដែលបម្រែបម្រួលពិភពលោកឱ្យទៅជាមានការរីកចម្រើនក្នុងតម្រិតខ្ពស់។

ចំណែកលោក Rafal Smoczynski បានក៏បានបញ្ជាក់ដែរថា ប្រទេសនីមួយៗគឺមានលក្ខខណ្ឌខុសប្លែកគ្នា ទាំងប៉ែកខាងកើត ទាំងប៉ែកខាងលិច គឺមិនមានលក្ខណៈដូចគ្នាឡើយ។ មួយវិញទៀតទាក់ទងទៅនឹងការចែករំលែក ឬទាក់ទងការផ្លាស់ប្ដូរ នូវកម្លាំងពលករ ពីប្រទេសមួយទៅប្រទេសមួយ មិនថា ពីសហភាពអឺរ៉ុប ទៅតំបន់ផ្សេង ឬក៏ពីតំបន់ផ្សេងមកសហភាពអឺរ៉ុប គឺវាមានលក្ខណៈមិនដូចគ្នាឡើយ ។ យើងក៏បានជួបបញ្ហាដែលទាក់ទងទៅនឹងបំលាស់ប្ដូរ អន្តោប្រវេសន៍ផ្នែកពលករផងដែរ៕