(ត្បូងឃ្មុំ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន មានជាង ៥០នាក់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋរាប់រយនាក់ នៅភូមិពោធិ៍រោងលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនកុមារ និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ ដឹកនាំដោយលោក យី កន្និដ្ឋា ប្រធានក្រុមកាងារគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ និងមានការចូលរួមសហការជាមួយគ្រូពេទ្យមកពីប្រទេសអារ៉ាប់ គុយវែត គឺតាមរយៈសមាគមន៏ពិភពលោកនៃក្តីមេត្តា ហៅកាត់ថា រ៉សម៉ា (RAHMAH) ដែលមានជំនាញ ផ្នែកកុមារ។

ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌មួយ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ថាការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ មានរយៈពេល ០៣ (បីថ្ងៃ) គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។

សូមជម្រាបថា ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋនៅក្នុងស្រុកពញាក្រែក ពិតជាមានក្តីរំភើប សប្បាយរីករាយ ដោយបានដឹកនាំក្រុមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) មកពិនិត្យពិគ្រោះ និងផ្តល់ថ្នាំសង្កូវព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។
រីឯអ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅរាជធានីភ្នំពេញដើម្បីព្យាបាល រាល់ការចំណាយទាំងអស់គឺស្ថិតក្រោមការឧបត្ថម្ភទាំងស្រុងពីសមាគមន៏ពិភពលោកនៃក្តីមេត្តា រ៉សម៉ា ( RAHMAH)ផងដែរ៕