(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩-២០២០

នាឱកាសនេះ ដើម្បីចូលរួមសម្រេចបានលទ្ធផលជាវិជ្ជមាន ក្នុងការបំពេញភារកិច្ចរបស់អង្គភាព លើការគ្រប់គ្រងសម្ភារកសិកម្ម ជាពិសេសការជំរុញការ អនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព លោករដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់អង្គពិធីទាំងមូលក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់អនុវត្តបន្តដូចតទៅ៖

ទី១៖ បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ ត្រូវសហការសម្របសម្រួលជាមួយអង្គភាពជំនាញ ក្នុងការរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដោយត្រូវបត់បែនឲ្យទាន់សភាពការណ៍ ក្នុងបរិបទនៃការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ។

ទី២៖ ត្រូវសិក្សាពីលទ្ធភាពកាត់បន្ថយថ្លៃដើម តាមរយៈការកែលម្អសេវាថ្លៃដើម ដែលអាចបង្កើនការប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក និងបន្តលើកកម្ពស់ទាំងគុណភាព និងសុវត្ថិភាពនៃធាតុចូលកសិកម្ម។ សម្រួលបែបបទនៃការត្រួតពិនិត្យ និងនីតិវិធីចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្មឲ្យមានប្រសិទ្ធភាពជាងមុន។ ត្រូវពង្រឹងនិងពង្រីកសមត្ថភាពមន្ទីរពិសោធន៍ទាំងធនធានមនុស្ស និងបច្ចេកទេសដើម្បីពិនិត្យ វិភាគ និងវាយតម្លៃគុណភាពធាតុចូលកសិកម្ម។

ទី៣៖ ត្រូវបន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្ម ជាពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ចំពោះការហូរចូលថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់។ ត្រូវត្រួតពិនិត្យលើបមាណីយគុណភាព ស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរលើសំបកវេចខ្ចប់ និងប្រភពដើមស្របច្បាប់។

ទី៤៖ បន្ដអនុវត្តកម្មវិធីផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រង ការធ្វើពាណិជ្ជកម្មសម្ភារៈកសិកម្មឲ្យបានទូលំទូលាយដល់ពាណិជ្ជករ អាជីវករ និងជាពិសេសកសិករ តាមយន្តការនៃកិច្ចសហប្រតិបត្តិការជាដៃគូរវាង “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍”។

ទី៥៖ គ្រប់អង្គភាពពាក់ព័ន្ធត្រូវបន្តជំរុញអនុវត្តកម្មវិធីផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពីការប្រើប្រាស់សម្ភារៈកសិកម្មពុំបានត្រឹមត្រូវតាមបច្ចេកទេស។ ត្រូវចេះពន្យល់និងណែនាំដល់កសិករឲ្យអស់លទ្ធភាពលើការប្រើជីធម្មជាតិ ការដាំដំណាំឆ្លាស់ ដើម្បីបង្កើនគុណភាពដី និងការប្រើថ្នាំកសិកម្មដែលលាយផ្សំពីរុក្ខជាតិធម្មជាតិដែលអាចរកបាន និងមានស្រាប់នៅក្នុងមូលដ្ឋានដើម្បីឲ្យកសិផលក្លាយទៅជាផលិតផលសរីរាង្គ។

ទី៦៖ ត្រូវលើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈ ប្រកបដោយតម្លាភាពចំពោះពាណិជ្ជករសម្ភារៈកសិកម្ម ដោយត្រូវពង្រឹងឆន្ទៈការងារ និងប្រកាន់ខ្ជាប់នូវវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ការងារ និងនីតិវិធីពាក់ព័ន្ធជាធរមាន។ ត្រូវខិតខំរៀនសូត្រជាប្រចាំអំពីច្បាប់ នីតិវិធីនិងវិធានបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងសម្ភារៈកសិកម្ម ដើម្បីឲ្យស័ក្ដិសមជាអង្គភាពមានសមត្ថកិច្ច។

ទី៧៖ ទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញត្រូវពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិការវិជ្ជាជីវៈ ដើម្បីលើក កម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ៕