(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា សមិទ្ធផលថ្មីមួយទៀតក្នុងវិស័យអគ្គិសនី គឺរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានអនុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ គ្រោងដាក់ឲ្យដំណើរការ នៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។

លោក កែវ រតនៈ បានបញ្ជាក់ទៀតថា គម្រោងនេះស្ថិតក្រោមការសាងសង់ជាង២ឆ្នាំរួចហើយ ដោយប្រើម៉ាស៊ីនរបស់ក្រុមហ៊ុន General Electric (GE) អាមេរិក និងដំឡើងដោយក្រុមហ៊ុន Toshiba ជប៉ុន។

សូមបញ្ជាក់ថា ការសាងសងរោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មនេះ វិនិយោគដោយក្រុមហ៊ុនរបស់ម៉ាឡេស៊ី ដែលមានឈ្មោះថា Cambodia Energy II Co.,Ltd ហើយសម្រាប់ការផ្គត់ផ្គង់សម្ភារ និងបរិក្ខាអគ្គិសនី គឺក្រុមហ៊ុន GE ជាអ្នកទទួលខុសត្រូវ ចាប់ពីរោងចក្ររហូតដល់បណ្តាញចែកចាយ។

រោងចក្រផលិតធ្យូងថ្មនេះ មានអនុភាព​១៥០មេហ្គា​វ៉ាត់ ដែលមានទីតាំងស្ថិត ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយចំពោះការសាងសងរោងចក្រធ្យូងថ្មនេះ គឺមិនមានជាបញ្ហា ឬផលប៉ះពាល់ណាមួយ ទៅដល់បរិស្ថាននោះឡើយ ព្រោះដោយសារ​ការប្រើប្រាស់នូវឧបករណ៍ និងបច្ចេកវិទ្យាខ្ពស់៕