(ភ្នំពេញ)៖ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បើទោះបីជាអង្ករកម្ពុជា ស្ថិតនៅក្រោមការយកពន្ធពីអឺរ៉ុប ក៏ការនាំចេញអង្ករកម្ពុជា នៅតែមានការកើនឡើង ដោយសារតែភាពល្បីល្បាយ និងរសជាតិឆ្ងាញ់របស់អង្ករកម្ពុជា។

ការលើកឡើងបែបនេះរបស់លោក នង វាសនា បញ្ជាក់ក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ក្នុងប្រធានបទ «ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជា ក្រោយពេលអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ»

លោក នង វាសនា បានបញ្ជាក់ទៀតថា «ការនាំចេញអង្កររបស់កម្ពុជា នៅរយៈពេល២ខែដើម ឆ្នាំ២០១៩ គឺមានការកើនឡើងតិចតួច បើធៀបនិងឆ្នាំ២០១៨កន្លងទៅ ទោះបីជារងឥទ្ធិពល នៃការដកប្រព័ន្ធអនុគ្រោះពន្ធលើអង្ករកម្ពុជាពីអឺរ៉ុបក៏ដោយ។ យើងគួរតែមើលទៅស្ថានភាពរួមថា តើយើងត្រូវពឹងផ្អែកទៅលើទីផ្សារណាមួយ ឬក៏យើងគួរតែពង្រឹងសមត្ថិភាព ក្នុងការផលិតរបស់យើងឲ្យកាន់តែខ្លាំងបន្ថែម»

លោកបានឲ្យដឹងទៀតថា អឺរ៉ុបបានយកពន្ធអង្ករពីកម្ពុជា១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ហើយមានសុពលភាពចាប់តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩មក ដែលយើងបានជាប់ពន្ធរយៈពេល២ខែហើយ តែផ្ទុយទៅវិញការនាំចេញរបស់យើង ជារួមមានការកើនឡើងបន្តិចបន្ដួច ដោយមិនមានការធ្លាក់ចុះដូចជាអ្នកមួយចំនួនគិតនោះទេ តែផ្ទុយទៅវិញ អង្ករកម្ពុជានៅតែមានកំណើននៃ ការនាំចេញផងដែរ។

លោកបានបន្ថែមថា «ជាការពិតណាស់ការនាំចេញអង្ករកម្ពុជា ទៅអឺរ៉ុបមានការធ្លាក់ចុះ ប៉ុន្តែភាពល្បីល្បាយរបស់អង្ករកម្ពុជា និងរសជាតិឆ្ងាញ់ ការនាំចេញអង្ករកម្ពុជាមិនបានធ្លាក់ចុះនោះទេ ទោះបីជាទីផ្សារមួយដែលចង្អៀតតឹងរឹង ក៏អង្ករកម្ពុជានៅតែអាចស៊ូជម្នះបាន ដោយសារតែមានកំណើនផ្សេង ក៏ដូចជាទីផ្សារដទៃទៀត ដែលគេទទួលស្គាល់រសជាតិ គុណភាពរបស់អង្ករកម្ពុជា មួយវិញទៀតដូចជាគុណភាពស្រូវ ដែលបានផលិតពីកសិករផងដែរ»

អនុប្រធានសហព័ន្ធរូបនេះលើកឡើងថា បើទោះបីការនាំចេញអង្ករពីកម្ពុជាទៅអឺរ៉ុបធ្លាក់ចុះជាង១ម៉ឺនតោនក៏ដោយ ក៏ការធ្លាក់ចុះនេះ បានបំពេញវិញដោយទីផ្សារចិន និងកំណើនទៅលើទីផ្សារផ្សេងៗទៀតផងដែរ។ នៅក្នុងនោះឃើញថា ចំពោះប្រទេសចិនតែមួយ បាននាំចូលអង្ករកម្ពុជាច្រើនជាងមួយសហគមន៍អឺរ៉ុប ដែលមានជិត៣០ប្រទេស​នៃសហគមន៍អឺរ៉ុប។

សូមជម្រាបថា នៅរយៈពេល២ខែដំបូង ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបាន១១២,៤៨៦តោន កើនឡើង១.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន១១០,៤៣២តោន។

ជាការគត់សម្គាល់នៅរយៈពេល២ខែដំបូងនេះ កម្ពុជានាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប បានចំនួន៣៣,៩៦៩តោន ខណៈដែលអឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា រយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩តទៅ។ ខណៈប្រទេសចិន ដែលផ្តល់កូតានាំចេញអង្ករចំនួន៤០ម៉ឺនតោនដល់កម្ពុជានោះ នៅ២ខែដំបូងនេះ ចិនបាននាំចូលអង្កររបស់កម្ពុជា ចំនួន៤៣,៤៥២តោន៕