(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជខេត្ត និងគណៈកម្មការផ្សារ បានធ្វើការចុះពិនិត្យទំនិញ នៅផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង តែពុំបានរកឃើញសារធាតុគីមី ដាក់ក្នុងគ្រឿងឧបភោគបរិភោគនោះទេ។

បើតាមមន្ត្រីកាំកុងត្រូល បានឲ្យដឹងថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគចំនួន២០តូប និងប្រើប្រាស់ឧបករណ៍ Test Kits លើទំនិញ១៤គំរូ ដែលអាចធ្វើការវិភាគបឋម នៅនិងកន្លែង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដូចជា៖

១៖ សារធាតុគីមី Borax ពិនិត្យលើគំរូ (ណែម ប្រហិតត្រី បាញ់កាញ សរសៃគុយទាវ ត្រីងៀត)។
២៖ សារធាតុគីមី Salicylic ពិនិត្យលើគំរូ (ជ្រក់សណ្តែកបណ្តុះ ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់ឆាយថៅ)។
៣៖ សារធាតុគីមី Formalin ពិនិត្យលើគំរូ (បង្កងមឹក)។
៤៖ សារធាតុគីមី Sodium Hydrosulfite ពិនិត្យលើគំរូ (ឡុងកុង ប៉ោម ទំពាំងបាយជូ)។

ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលក្រោយការ ចុះអនុវត្តការងារ មន្ត្រីជំនាញពុំរកឃើញ មានសារធាតុគីមីហាមឃាត់ ក្នុងគំរូទាំងនោះទេ និងមិនមានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់នោះដែរ៕