(ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានថ្លែង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ស្រុកទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ដូច្នេះសូមប្រជាពលរដ្ឋត្រូវបន្តការជឿជាក់ មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយកុំចាញ់ឧបាយកលជនអគតិមួយចំនួន ដែលព្យាយាមបង្កចលាចល បំផ្លិចបំផ្លាញដល់ការអភិវឌ្ឍរបស់ប្រទេសជាតិយើង។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបែបនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី សម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តវម្មិការរាម ហៅវត្តទួលខ្វាវ ស្ថិតនៅភូមិទួលខ្វាវ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងបន្តទៀតថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ដោយធ្វើឲ្យទីជនបទ មានហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន ប្រហាក់ប្រហែលទីប្រជុំជន ឬដូចទីក្រុង ជាក់ស្តែងសម្រាប់ខេត្តត្បូងឃ្មុំ មានសាកលវិទ្យាល័យ ហេង សំរិន មានអគារសាលាខេត្ត ផ្ទះស្នាក់នៅមន្ត្រីរាជការ ពិសេសមានមន្ទីពេទ្យដែលកំពុងសាងសង់ ចំណាយទឹកប្រាក់ប្រមាណ ៥០លានដុល្លារសហរដ្ឋអាមេរិក រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗយ៉ាងច្រើន ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន នៅពេលដឹងពីសកម្មភាពណាធ្វើប៉ះពាល់ដល់ការស់នៅ ពិសេសសកម្មភាពប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីទប់ស្កាត់នឹងបង្រ្កាបឱ្យបានទាន់ពេលវេលា។ ក្នុងនោះសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពីព្រោះសព្វថ្ងៃគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ជីវិតមនុស្សបំផ្លាញ់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវរាយការណ៍មកសមត្ថកិច្ច នៅពេលឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយមិនត្រូវប៉ះពាល់ ឬយកទៅកែឆ្នៃធ្វើអ្វីនោះទេ ខណៈការលើកឡើងបែបនេះ គឺបន្ទាប់ពីមានករណីផ្ទុះក្បាលគ្រាប់១០៥មីលីម៉ែត្រ បន្សល់ទុកពីសម័យសង្គ្រាម ដោយពលរដ្ឋយកមកកែច្នៃ បណ្តាលឲ្យមនុស្សស្លាប់២នាក់ ក្នុងដើមឆ្នាំ២០១៩នេះ ដោយមួយករណីនៅក្នុងឃុំជីរោទី១ និងមួយករណីទៀត នៅឃុំថ្មពេជ្រ៕