(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ Direct Marketing Specialist Co., Ltd. (DMS) បានរួមសហការជាមួយផ្សារទំនើបអ៊ីអនម៉ល ១ នឹងបើកការដាក់តាំងពិព័​រណ៍រថយន្តដ៏ធំសម្បើមអស្ចារ្យមួយ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមីនាខាងមុខ ជាមួយរថយន្តស៊េរីទំនើបៗ ហើយអតិថិជន នឹងមានឱកាសទទួលបានកាដូពិសេសជាច្រើន សម្រាប់ការជាវរថយន្ត ​ក្នុងឱកាសដ៏ល្អ​នេះផងដែរ។

ក្នុងព្រឹត្តិការណ៍ពិព័​រណ៍រថយន្ត ដ៏ធំសម្បើមអស្ចារ្យមួយដែរ បានធ្វើឡើងនៅក្នុងផ្សារទំនើប អ៊ីអនម៉លទី១ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមី​នា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង១០យប់។

ការតាំងពិព័​រណ៍រថយន្តដ៏ធំអស្ចារ្យប្រចាំឆ្នាំ២០១៩ នេះ មានការចូលរួមពីសំណាក់រថយន្តដែលមានម៉ាកល្បីៗ ដូចជា Porsche, Audi, Nissan, MG, Foton និង E-Green ជាដើម ដែលសុទ្ធតែជាម៉ាករថយន្តកំពុងមានឈ្មោះល្បី និងទទួលស្គាល់ពីគុណភាពនៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

លោក ងុត សុផល អគ្គនាយកក្រុមហ៊ុន Car 4you បានឲ្យដឹងថា ក្នុងពិព័រណ៍រថយន្តរយៈពេល៣ថ្ងៃ នៅថ្ងៃទី២២-២៤ ខែមីនា ខាងមុខនេះ ក្រុមហ៊ុនលោក នឹងចូលរួមដាក់តាំងពិពណ៌រថយន្តប្រភេទដឹកទំនិញ Mini Truck ម៉ូដែល Gratour T1 និង Gratour T3 សេរីឆ្នាំ២០១៩ និងរថយន្ត៨កៅអី ម៉ូដែល Gratour V5 សេរីឆ្នាំ២០១៩។

លោក ស្រី ប៉ូលី ប្រធានផ្នែកលក់ នៃក្រុមហ៊ុន អូថូម៉ូធីវ អេស៊ា (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនទទួលសិទ្ធិលក់រថយន្តម៉ាក Audi នៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ចំពោះការធ្វើប្រតិបត្តិការដោយផ្ទាល់នៅ Audi Phnom Penh គឺចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ ហើយគ្រប់ម៉ូឌែលរបស់ Audi ត្រូវបានចែកចាយនៅប្រទេសកម្ពុជា មានដូចជា Audi Q2, Q5, Q7, Q8, A6, A7 Sportback និង Audi A8L។

លោកបានបន្តថា ដោយឡែកគ្រប់ម៉ូឌែលរបស់ Audi នៅក្នុងប្រទេសកម្ពុជាផ្ដល់នូវការធានារយៈពេលបីឆ្នាំ ដោយមិនគិតពីចំងាយគីឡូម៉ែត្រក្នុងការបើកបរ ហើយនៅក្នុងព្រឹត្តិការណ៌តាំងបង្ហាញរថយន្ត ក្រុមហ៊ុន Audi ខេមបូឌា បានសម្រេចចិត្តយកប្រភេទរថយន្ត Audi Q5 ស៊េរីថ្មី ដើម្បីដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ខាងមុខនេះផងដែរ។

សូមបញ្ជាក់ផងដែរថា ចំពោះការដាក់តាំងពិព័​រណ៍រថយន្តប្រចាំដើមឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២ហើយ ដែលកាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Direct Marketing Specialist Co., Ltd. (DMS) ក៏បានរៀបចំនៅផ្សារទំនើបអ៊ីអន ភ្នំពេញទី១នេះដែរ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្តទាំងការលក់ និងការចូ​លរួមពីសាធារណជន​៕