(ភ្នំពេញ)៖ ​ឧបាសិកា ជា ឃុនប៉ិច និង ឧបាសិកា ឡេង ខេង ហៅយាយម្លូពោធិ៍សាត់ បានយកគ្រឿង​ឧបភោគបរិភោគ មកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញបន្ថែមនូវរបបហូបចុក ប្រចាំថ្ងៃរបស់សមាជិកអាវុធហត្ថ​រាជធានី​ភ្នំពេញផង និងផ្ញើជាទាន​ចែកជូនបន្ត ទៅដល់ជនទីទាល់ក្រ និងចាស់ជរាទុរគតដ៏ទៃទៀតផង ដូចដែលលោក​ រ័ត្ន ស្រ៊ាង ធ្លាប់បានឧបត្ថម្ភ​ជារៀងរាល់ខែ​ ចំនួន២១គ្រួសារកន្លងមក។

គ្រឿងឧបភោគបរិភោគ ដែល​ឧបាសិកា​ទាំងពីររូប​រួមគ្នា យកមកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមមាន៖ អង្ករ​០៣តោន, ​មី​១២០កេស, ទឹកស៊ីវអ៊ីវ១៣០យូរ, អំបិលអ៊ីយ៉ូដ​១២០គីឡូក្រាម, ទឹកសុទ្ធ​១២០កេស, សាច់ក្រក​១០គីឡូក្រាម, ត្រីកន្ធរប្រឡាក់ និងត្រីប្រម៉ា​៣០គីឡូក្រាម។

នេះគឺជាលើកទី៤ ហើយ​សម្រាប់ ឧបាសិកា ជា ឃុនប៉ិច ដែលខិតខំប្តូរផ្តាច់ចិត្តនាំយកគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដោយកន្លងមកឧបាសិកា ជា ឃុនប៉ិច ច្រើនឲ្យកូនប្រុស​ឈ្មោះ លឹម យូ យកមកប្រគល់ជូនប៉ុណ្ណោះ ក៏ព្រោះតែឧបាសិកា​មានសុខភាពទន់ខ្សោយ មិនអាចធ្វើដំណើរបាន តែលើកនេះ​ឧបាសិកា ជា ឃុនប៉ិច បានរួមជាមួយ ឧបាសិកា ឡេង ខេង នាំយកអំណោយមកដោយផ្ទាល់ប្រកបដោយទឹកចិត្តជ្រះថ្លា និងសប្បាយរីករាយបំផុត។

បន្ទាប់ពីបានប្រគល់អំណោយ ជូនលោកមេបញ្ជាការ​កងរាជអាវុធហត្ថរាជធានីភ្នំពេញរួចមក ម្ចាស់អំណោយ​ក៏បានជ្រះថ្លា ដើរទស្សនា​សមិទ្ធិផលនានា ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការកោតសរសើរក្រៃលែង។

គ្រួសារទីទាល់ក្រ និងចាស់ជរាទុរគត់ ចំនួន២១គ្រួសារ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននិងកំពុងឧបត្ថម្ភ ជាប្រចាំ​រៀងរាល់ខែជាបន្តបន្ទាប់ មិនដែលមានខានតាំងពីឆ្នាំ២០១០មក។

ក្រៅពីគ្រួសារទាំង២១នេះ នៅមាន​សមាជិកអាវុធហត្ថរាប់រយនាក់ ក៏ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភជីវភាពជារៀងរាល់ខែ ទំនុកបម្រុងការរៀនសូត្រ និង​ផ្តួចផ្តើមទំនុកបម្រុងមុខរបរដល់គ្រួសារ អាវុធហត្ថមួយចំនួនតាមស្ថានភាពជាក់ស្តែង ក៏ដូចជាបានផ្តល់សម្ភារសិក្សា ថវិកា កង់ ដល់សិស្សក្រីក្រ រាប់រយនាក់ ក៏ដូចជាឧបត្ថម្ភសម្ភារថវិកា និងនាំទៅព្យាបាលនៅមន្ទីរពេទ្យ តាមការជាក់ស្តែង​ជូនដល់ពលរដ្ឋទីទាល់ក្រ រាប់រយនាក់ផ្សេងទៀតជាញឹកញាប់។

​ក្នុងនោះក៏មានស្ដ្រីឈ្មោះ ស៊ុន សុខុម នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ​(ស្ត្រីមេម៉ាយ និងធ្លាប់ងងឹតភ្នែកទាំងសងខាងច្រើនឆ្នាំ) ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូន​ទៅវះកាត់ព្យាបាលភ្នែកទាំងសងខាងរហូតបានមើលឃើញវិញ និងបាន​ឧបត្ថម្ភអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ អស់រយៈពេល១ឆ្នាំ រហូតគាត់មានគ្រួសារថ្មីមកមើលថែ។ ដោយឡែក លោកតា អ៊ឹម ប្លែក នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្លាប់ត្រូវបាន​លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ​អង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ និងបន្ថែមទឹកត្រីទឹកស៊ីអ៊ីវ អស់រយៈពេល៧ឆ្នាំ រហូតលោកតាទទួលអនិច្ចកម្ម។

ដោយបានមើលឃើញពីសកម្មភាពមនុស្សធម៌របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួយដល់​ពលរដ្ឋទីទាល់ក្រ ជនពិកា ចាស់ជរាទុរគត់ សិស្សានុសិស្ស ក៏ដូចជាមន្ត្រីក្រោមឱវាទជាច្រើននាក់ច្រើនឆ្នាំ ដូច្នេះហើយ​ទើបម្ចាស់ទាន​ដែលជាអ្នកសប្បុរសមានសទ្ធាជ្រះថ្លា បាននាំយកគ្រឿងឧបភោគបរិភោគ មកប្រគល់ ជូន​ជាបន្តបន្ទាប់ ទុកជាទានចែកជូនបន្តដល់គ្រួសារទីទាល់ក្រទាំងឡាយ ដើម្បីចម្លងបុណ្យ ឲ្យបានដល់សាម៉ីម្ចាស់ទានវិញផងដែរ៕​