(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទានយោបាយដល់ លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានលិខិតទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក រៀល ខេមរិន្ទ្រ បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីរូបលោកត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយដោយតុលាការកំពូល ជាមួយនឹងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១១៧រូបផ្សេងទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងលិខិតផ្លូវការរបស់លោក រៀល ខេមរិន្រ្ទ ពាក់ព័ន្ធនឹងការស្នើសុំសិទ្ធិធ្វើនយោបាយនេះ បានបញ្ជាក់ថា លោកមានបំណងចង់បង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតឆ្នាំ២០២២-២០២៣ នាខាងមុខ។

លោក រៀល​ ខេមរិន្ទ្រ គឺជាអ្នកទី៤ នៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលបានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយ បន្ទាប់ពីលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ។

លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពីលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ការដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់របស់ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ បានធ្វើឡើងបន្ទាប់ពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ បាន​ចូល​ជា​ធរមាន កាលពីថ្ងៃ​ទី០២ ខែ​មករា ឆ្នាំ២០១៩។ ច្បាប់នេះ បានបើកផ្លូវឱ្យជនទាំងឡាយណា ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយបិទផ្លូវតវ៉ានោះ មានច្រកដើម្បីសុំនិតិសម្បទានយោបាយឡើងវិញ តាមរយៈនាយករដ្ឋមន្រ្តី៕