(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ ក្រោមវត្តមានលោក​ ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ថង សាវុន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្តអង្គការសង្គមស៊ីវិល សរុបប្រមាណជាង២០០នាក់។

ថ្លែងបើកសន្និបាត លោក ថង សាវុន បានឱ្យដឹងថា អង្គសន្និបាតដែលបានប្រារព្ធធ្វើឡើងនាឱកាសនេះ ក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយ ពីសមិទ្ធផល និងលទ្ធផលនានា ពីការអនុវត្តតួនាទីភារកិច្ច របស់រដ្ឋបាលខេត្តធៀបទៅនឹផែនការប្រចាំឆ្នាំព្រមទាំងធ្វើការ ឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានាដែលជួបប្រទះនាពេលកន្លងមក លើកយកមកពិភាក្សា សម្រាប់ដាក់ចេញ ជាទិសដៅអាទិភាព សម្រាប់អនុវត្តបន្តឆ្នាំ២០១៩ សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងគោល នយោបាយរបស់រាជរដ្ឋាភិបាល។

លោក ថង សាវុន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ រដ្ឋបាលគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងដៃគូរអភិវឌ្ឍន៍ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវធ្វើឱ្យរដ្ឋបាលខេត្ត សម្រេចបានបេសកកម្មសំខាន់ៗរបស់ខ្លួន និងសមិទ្ធផលការងារជាច្រើន រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ព្រមទាំងកម្មវិធីកំណែទម្រង់នានា ដែលបានកំណត់។

សូមបញ្ជាក់ថា អង្គសន្និបាតនេះ គ្រោងនឹងបញ្ចប់នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពបិទសន្និបាត ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស៕