(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមេធាវីរបស់សម្តេច ដើម្បីពន្លឿនសំណុំរឿង អ្នកជាប់ឃុំនៅក្នុងពន្ធនាគារ ដែលកំពុងជួបភាពតឹងណែនចង្អៀត។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបង្គាប់ឱ្យក្រុមមេធាវីរបស់សម្តេច ដែលទើបបង្កើតបានជិត១ខែនោះ ចេញមុខធានាដល់ស្រ្តីមួយចំនួន ដែលពរពោះ ឬមានកូនតូច នៅក្នុងពន្ធនាគារផងដែរ។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប១,៧០៩នាក់ របស់វិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន​ បានសម្តែងការងឿងឆ្ងល់ចំពោះភាពណែនចង្អៀត ព្រមទាំងបានតាមដាន ឃើញថា ការណែនចង្អៀតនេះ កើតឡើងដោយសារតែមានសំណុំរឿងច្រើន ហើយក្នុងនោះមាន២ភាគ៣ គឺជនដែលមិនទាន់ត្រូវបានកាត់ទោស ចំណែកទណ្ឌិតមានត្រឹមតែ១ភាគប៉ុណ្ណោះ។

សម្តេចបានបញ្ជាក់ថា «ចំណុចដែលមិនទាន់កាត់ក្តី គឺមានរឿងច្រើនពេក ប៉ុន្តែឥឡូវខ្ញុំឱ្យអាទិភាពជាមួយនឹងស្រ្តីក្រីក្រ អញ្ចឹងបានខ្ញុំស្នើឱ្យមេធាវីរបស់ខ្ញុំ គឺថាអ្វីដែលយើងអា​ចធានាឱ្យនៅក្រៅឃុំបាន ត្រូវធានាឱ្យនៅក្រៅឃុំសិន រួចហើយបន្តក្តីក្តាំតទៅទៀត»

សម្តេចបានសម្តែងការអាណិតចំពោះស្រ្តីមួយចំនួន ដែលពរពោះ ឬមានកូនតូចនៅក្នុងពន្ធនាគារ ប៉ុន្តែសម្តេចក៏ប្រកាសមិនលើកលែងឱ្យស្រ្តីដែលបានជាប់ពន្ធនាគារ ដោយសារតែប្រព្រឹត្តបទឧក្រិដ្ឋ ឃាតកម្ម សម្លាប់មនុស្ស ឬប្លន់ប្រដាប់អាវុធផងដែរ ដោយសារតែទោសនេះធ្ងន់ធ្ងរពេក។ ប៉ុន្តែដោយឡែក សម្រាប់ពិរុទ្ធជន ដែលឃុំខ្លួនលើការកំណត់ សម្តេចក៏ជំរុញឱ្យពន្លឿននីតិវិធីផងដែរ។

សម្តេចបានចាត់ទុកថា «សម្រាប់ពិរុទ្ធជននេះ ការឃុំខ្លួនហួសពេលកំណត់ គឺយើងជាអ្នកខុស អញ្ចឹងត្រូវបង្កើនល្បឿន អញ្ចឹងខ្ញុំស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តការងារនេះតទៅទៀត ជាមួយនឹងស្ថាប័នពាក់ព័ន្ធ»

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានប្រកាសដែរថា សម្តេចនឹងពង្រាយមេធាវីរបស់សម្តេចឱ្យបានកាន់តែច្រើន ដើម្បីជួយធ្វើកិច្ចការងារនេះ ហើយមានមុខព្រួញរបស់ក្រុមមេធាវីនេះ គឺឆ្ពោះទៅរកស្រ្តី ដោយពិនិត្យទៅលើសំណុំរឿងចាស់ ហើយទទួលយកនូវសំណុំរឿងថ្មីៗ៕