(ភ្នំពេញ)៖ បុរសដែលជាប់ពាក់ព័ន្ធសំណុំរឿង រំលោភលើទំនុកចិត្ត និងចេញសែកស្អុយ ត្រូវបានសមត្ថកិច្ចកិច្ចអះអាងថា ត្រូវបានលោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងឲ្យត្រឡប់វិញ។ នេះបើតាមមន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅតុលាការនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។

ជនត្រូវចោទមានឈ្មោះ ឃឿន ណារ៉ែន ត្រូវបានលោកព្រះរាជអាជ្ញារង ប្លង់ សុផល បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ និងបញ្ជូនខ្លួនទៅឲ្យចៅក្រមស៊ើបសួរ ម៉ៅ ស៊ីណា ចាត់ការបន្តតាមច្បាប់។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចឲ្យដឹថា ការដោះលែងនេះ ធ្វើឡើងបានដោយសារតែ ជនត្រូវចោទព្រមសងលុយដើមបណ្តឹងវិញ ដូច្នេះទើបតុលាការពិចារណា ក្នុងការដោះលែងជាបណ្តោះអាសន្ន។

សូមជម្រាបជូនថា ជនត្រូវចោទឈ្មោះ ឃឿន ណារ៉ែន ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ នី សុជាតិ ជាតំណាងឲ្យក្រុមហ៊ុន យ៉ុង សឹង ក្លូបលត្រេឌីង ពីបទ រំលោភលើទំនុកចិត្ត និងឈ្មោះ សុខ សារិទ្ធ ជាតំណាងក្រុមហ៊ុន JHF ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន (ចេញសែកស្អុយ)»