(សៀមរាប)៖ ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់អ្នកបើករថយន្ដតាក់ស៊ី យ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ ដើម្បីប្លន់យករថយន្ដតាក់ស៊ី ម៉ាក Highlander ដែលពួកគេម៉ៅជិះមកពីស្វាយស៊ីសាផុន ខេត្តបន្ទាយមានជ័យ ​ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្នុងតម្លៃ៣០ដុល្លារ ប៉ុន្ដែមិនបានសម្រេចនោះទេ ដោយត្រូវប្រជាពលរដ្ឋ ប្រជាការពារ សហការជាមួយសមត្ថកិច្ចតាមចាប់បានភ្លាមៗ។​

ហេតុការណ៍នេះដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលបណ្ដាលឲ្យជនរងគ្រោះ ម្ចាស់រថយន្ដតាក់ស៊ីឈ្មោះ ហ៊ឹម ចាន់ អាយុ៤០ឆ្នាំ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ស្លាប់​ធ្លាក់ចេញពីលើរថយន្ដ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តសៀមរាប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ​តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ​ ISHIDA REIMON​ បានឆ្លើយថា​ នៅថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០១៩​ ជនសង្ស័យ​ទាំង០២នាក់​ ទី​១៖ឈ្មោះ​ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ និងទី​២៖ ឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត​ នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់​​ ខែឆ្នាំដដែល ​ពួកគេបានជិះតាក់ស៊ីទៅខេត្តសៀមរាប ពួកគេបានសម្រាកនៅ សណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាប​​មិនចាំឈ្មោះ​ ក្នុងគោលបំណងរកលួចរថយន្ត ឬប្លន់ប៉ុន្តែលំបាកធ្វើសកម្មភាពព្រោះកាមេរ៉ាច្រើន។

លុះព្រឹកថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩​ វេលាម៉ោង​​១២ថ្ងៃត្រង់​ ពួកគេបានរកតាក់ស៊ី​​ជិះទៅ​ ស្វាយស៊ីសាផុន​ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងស្វែងរកឡានតាក់ស៊ីថ្មី ដើម្បីប្លន់យកមកប្រើប្រាស់ជាមធ្យោបាយសម្រាប់ធ្វើបន្តទៀត​ ​ពេលទៅដល់​​ស្វាយស៊ីសាផុន​ ពួកគេបានរកតាក់ស៊ីថ្មីបាន​ជា រថយន្តជនរងគ្រោះ​ ម៉ាក Highlander​ ព័ណ៌ស្ករ​ ស្លាកលេខ​2AB-5218​។

ពួកគេប្រាប់ជនរងគ្រោះថា ចង់ទៅសៀមរាប​ ហើយត្រូវគ្នាក្នុងតម្លៃ៣០ដុល្លារ​ ពួកគេក៏ឡើងតាក់ស៊ី​ដោយជិះតែ០៣នាក់គត់​ (តៃកុងតាក់ស៊ី​ និងពួកគេ០២នា​ក់) ជិះនៅកៅអីខាងក្រោយតៃកុង​ ពេលជិះដល់ចំណុចកើតហេតុ​ ពួកគេបានប្រាប់តាក់ស៊ីឲ្យឈប់​ ឈ្មោះ​ ISHIDA REIMON​ បានបើកទ្វារតាក់ស៊ីចុះ ដោយទុកឲ្យបក្ខពួកខ្លួន​ ធ្វើសកម្មភាពប្លន់សម្លាប់យករថយន្ត​។

​០២នាទីក្រោយមក រូបគេក៏បើកទ្វារតាក់ស៊ីឃើញ​ បក្ខពួកខ្លួនកំពុងយកកាបិត អារ-ក និងចាក់ជាច្រើនកាំបិតលើជនរងគ្រោះ​ ដោយជនរងគ្រោះកំពុងរើបំរាស់​ ភ្លាមនោះជនរងគ្រោះក៏ធ្លាក់ចេញពីលើ រថយន្តដោយខ្លួនឯង​ រួចរូបគេ​បានឡើងរថយន្តបើកចេញពីកន្លែងកើតហេតុ​ បានប្រហែល​​៣០ម៉ែត្រ​ រថយន្តក៏ជ្រុលទៅបុកគោយន្ត​ ហើយពួកគេក៏បើកទ្វារចុះរត់ តែត្រូវសមត្ថកិច្ចចាប់ឃាត់ បានតែម្តង។

ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបានវត្ថុតាង​ កាំបិតប្រវែងកន្លះម៉ែត្រ​​០១ដើម​ និងដំបងរលាស់០១ដើម​ ដែលពួកគេយកតាមខ្លួនពីប្រទេសជប៉ុន។ ចំណែកកាំបិតដែលធ្វើសកម្មភាពកំពុងរុករកបន្ត។

តាមការបំភ្លឺរបស់ប្រពន្ធ​​ជនរងគ្រោះ​​​ឈ្មោះ​ សុខ​ ចាន់រឿន​ ​អាយុ​៣៨ឆ្នាំ​ បានប្រាប់សមត្ថកិច្ចថា​ នៅព្រឹកថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩​ ម៉ោងប្រហែល០៦ព្រឹក ប្តីរបស់ខ្លួនបានប្រាប់ថា​ ដឹកភ្ញៀវ​​យូស៊ីម៉ាក​ ទៅបឹងត្រកួន​ ហើយម៉ោង១០ព្រឹក​ ប្តីបានខលទូរស័ព្ទទៅប្រពន្ធប្រាប់ថា​ បានត្រឡប់ទៅ ​ស្វាយស៊ីសាផុន ខេត្តបន្ទាយជ័យ នៅម៉ោង​០៣ល្ងាច​ ដើម្បីរកភ្ញៀវ​យកលុយសិន​ ពេលនោះប្តីខ្លួនក៏បិទទូរស័ព្ទតែម្តង។​​

ក្រោយសួរចម្លើយចប់​ កម្លាំងនគរបាលជំនាញបាន​​តេស្ត​សារធាតុ​ញៀន​ ឃើញថា​ជនសង្ស័យទាំង០២នាក់​ ពុំមានសារធាតញៀនក្នុងខ្លួនទេ។ ករណីនេះ​កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់តាមនីតិវិធី៕