(ភ្នំពេញ)៖ នាថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីៗទៀតមកបង្ហាញជូនមិត្តអ្នកអាន ដែលសុទ្ធតែបានសម្រឹងសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាមួយចំនួន ដែលបានកត់ត្រាទុកនូវពុទ្ធដីការបស់ព្រះពុទ្ធអង្គ សម្ដីមាសរបស់មេដឹកនាំ ទស្សនវិទូ និងបុគ្គលល្បីៗនៅជុំវិញពិភពលោក។

គតិបណ្ឌិតទាំង១០នោះ រួមមាន៖

១៖ ព្រះពុទ្ធអង្គមានពុទ្ធដីកាថា «ស្គាល់ខ្លួនឯងនាំឱ្យស្គាល់អ្នកដទៃ ឈ្នះខ្លួនឯងនាំឱ្យឈ្នះអ្នកដទៃ»។

២៖ បំពេញចន្លោះខ្វះខាតរបស់យើង តាមគំរូអ្នកដែលយើងស្រឡាញ់។ ប្លាតុង ទស្សនវិទូបុរាណក្រិច។

៣៖ ការប្រមូលផ្ដុំអំណាច គឺជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យ។ លោក រ៉ូណាល់ រីហ្គែន (១៩១១-២០០៤) ប្រធានាធិបតីទី៤០របស់សហរដ្ឋអាមេរិក។

៤៖ ប្រជាធិបតេយ្យមិនមែនជារបបល្អបំផុតនោះទេ តែជារបបដែលមានចំណុចអាក្រក់តិចបំផុត។ លោក វិនស្តុន ឆឺតឈីល (១៨៧៤-១៩៦៥) អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស។

៦៖ ធ្វើជាមនុស្សកុំយកខ្លួនឯងធ្វើជាធំជ្រុលពេក ត្រូវរៀនឱ្យតម្លៃអ្នកដទៃផង ពីព្រោះមនុស្សកើតមកមានសមត្ថភាពផ្សេងៗគ្នា។ សម្ដេចសង្ឃមកពីទីបេ ដាឡៃ ឡាម៉ា (១៩៣៥-បច្ចុប្បន្ន)។

៧៖ យល់ដឹងនឹងអាចបកស្រាយបានពីសម្រស់របស់គំនូរ ឬទេសភាព ឬវត្ថុទាំងឡាយណាដែលខ្លួនស្រឡាញ់។ ប្លាតុង។

៨៖ មនុស្សដែលអស្ចារ្យ គិតទៅលើរឿងត្រឹមត្រូវជាគោល ចំណែកមនុស្សអន់វិញ គិតទៅលើផលប្រយោជន៍ជាធំប៉ុណ្ណោះ។ ទស្សនវិទូបុរាណចិន ខុង ជឺ (៥៥១-៤៧៩ មុន គ.ស)

៩៖ មិត្តល្អរបស់ខ្ញុំ គឺមនុស្សដែលឱ្យសៀវភៅដែលខ្ញុំមិនបានអានពីមុន។ លោក អាប្រាហាម លីនខល (១៨០៩-១៨៦៥) ប្រធានាធិបតីទី១៦របស់សហរដ្ឋអាមេរិក។

១០៖ មេដឹកនាំដែលយកចិត្តរាស្ត្របាន ក៏អាចយកចិត្តទេវតាបានដូចគ្នា។ លោកទីប្រឹក្សា ស៊ី ស៊ូ អ្នកដែលប្រាប់ឱ្យ លាវ ប៉ី ឡើងភ្នំនាគដេកតាមរក ខុង មីង (ក្នុងរឿងសាមកុក) ហើយ ស៊ី ស៊ូ ក៏ជាបុគ្គលមានឈ្មោះល្បីម្នាក់ក្នុងប្រវត្តិសាស្ត្របុរាណចិន នាចុងរជ្ជកាលហាន់ផងដែរ៕