(ភ្នំពេញ)៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុម៩​ ភូមិព្រែកទាល់១​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីឆេះផ្ទះអស់ប្រមាណ៤៨ខ្នង។ នេះបើតាមការអះអាងរបស់សមត្ថកិច្ច

លោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជុំវិញករណីអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន១៧គ្រឿង ក្នុងនោះរួមមាន ឡានទឹកស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ​១៥គ្រឿង, ស្រាបៀរ​កម្ពុជា​១គ្រឿ​ង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​១គ្រឿង។

លោកបានអះអាងថា ផ្ទះនៅតំបន់នេះ មានលក្ខណៈណែនចង្អៀត ជាប់ៗគ្នា ដោយភាគច្រើនជាផ្ទះសង់អំពីឈើ ហើយពិបាកចូលទៅបាញ់ទឹកពន្លត់។

យ៉ាងណាមិញ គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតនោះទេ។ ដោយឡែក សម្រាប់មូលហេតុ និងចំនួនផ្ទះដែលត្រូវបានបំផ្លាញ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងធ្វើការស្រាវជ្រាវបន្ដទៀត៕​