(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ច តាមចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួក៧នាក់ទៀត ដែលជាអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិថ្មីមួយ។ នេះបើតាមដីកាតុលាការដែលបណ្តាញព័ត៌មាន​​ Fresh News ទើបទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ទាំងនោះរួមមាន ១៖ លោក សម រង្ស៉ី ២៖ លោក អេង ឆៃអ៊ាង ៣៖ លោកស្រី មូរ សុខហួរ ៤៖ លោក អ៊ូ ច័ន្ទឫទ្ធិ ៥៖ លោក ហូ វ៉ាន់ ៦៖ លោក ឡុង រី ៧៖ លោក ម៉ែន សុថាវរិន្ទ្រ និង៨៖ លោក តុ វ៉ាន់ចាន់។

អតីតមេក្រុមប្រឆាំងទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»

ចំណាត់ការរបស់តុលាការ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងបក្ខពួក បានញុះញង់ឱ្យប្រជាពលរដ្ឋ និងទាហាន ងើបប្រឆាំងរាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា​ សកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកមួយចំនួននោះ គឺជាអំពើក្បត់ជាតិ ដែលញុះញង់ដើម្បីបង្កភាពវឹកវរក្នុងសង្គម៕