(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានរិះគន់ថា ចាប់តាំងពីមានការផ្លាស់ប្តូរប្រធានអង្គភាពរដ្ឋាករទឹក ខេត្តស្វាយរៀងមក ទឹកប្រើប្រាស់មិនគ្រប់ ហើយចេញចច្រិចចច្រូចទៀត។

លោកបានបញ្ជាក់បន្តថា កន្លងទៅ លោកបានហៅប្រធានអង្គភាពរដ្ឋាទឹកថ្មីនេះ មកសួរនាំដែរ តែទឹកចេញមកនៅតែខ្សោយដដែល។​

ការរិះគន់របស់លោក ម៉ែន វិបុល បានលើកឡើងនៅក្នុងពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់រោទ៍ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

ជុំវិញករណីនេះ ប្រជាពលរដ្ឋមួយចំនួន រស់នៅខេត្តស្វាយរៀង បានរាយការណ៍ប្រាប់អង្គភាព Fresh News ក៏ដូចមានបង្ហោះតាមបណ្តាញសង្គម Facebook ដោយបាននាំគ្នារិះគន់ខ្លាំងៗ ទៅអង្គភាពរដ្ឋាទឹកខេត្ត ដែលធ្វើឲ្យមានបញ្ហាប្រព័ន្ធទឹកបាញ់ចេញខ្សោយ ដាច់ទឹកញឹកញាប់ និងទឹកមានពណ៌ក្រហមជាដើម។ ប្រជាពលរដ្ឋបានលើកថា សូម្បីផ្ទះលោកអភិបាលខេត្តក៏ជួបបញ្ហានេះដែរ ចុះទម្រាំពលរដ្ឋធម្មតាពិបាកយ៉ាងណា ឲ្យតែដល់ខែវិក្កយបត្រទឹកមកដល់ផ្ទះភ្លាមមិនដែលខាននោះទេ បើខានបង់លុយតែពីរ ឬបីថ្ងៃនឹងត្រូវផ្តាច់ទឹកជាក់ជាមិនខានឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង បានសំណូមពរទៅលោកអភិបាលខេត្តស្វាយរៀង មេត្តាជួយកែទម្រង់ឲ្យបានស៉ីជម្រៅ ទៅលើលោកប្រធានអង្គភាពរដ្ឋាទឹកខេត្តនេះ ដោយសារតែ ពលរដ្ឋមានបញ្ហាទឹកស្អាត ដូចជាច្រើនលើកច្រើនសារពេកហើយ។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់លោកអភិបាលខេត្ត និងការរិះគន់ពីពលរដ្ឋចំពោះបញ្ហាទឹកស្អាតនេះ អង្គភាព Fresh News មិនទាន់អាចរកការបំភ្លឺពី លោក អ៉ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង បាននៅឡើយទេ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ៕