(ត្បូងឃ្មុំ)៖ សមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក ប្រើប្រាស់ និងជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះសំណាក់ ហេង សុខ មនោរម្យ ស្ថិតក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ​ការចាប់ខ្លួននេះធ្វើឡើង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដោយកម្លាំងនគរបាលប្រឆាំងបទល្មើលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ សុខ រ៉ំ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបុស្សតាអ៉ឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួមជាមួយគ្រឿងញៀនមួយកញ្ចប់ ប្រភេទម៉ាទឹកកដែលលាក់ទុកក្នុងកញ្ចប់បារី។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងដែលដកហូតបាននោះ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារតាមនីតិវិធី។

សូមបញ្ជាក់ថា មុខសញ្ញាឈ្មោះ សុខ រ៉ំ រូបនេះ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ចាម រយៈពេល ០១ឆ្នាំ ពីបទទទួលផលចោរកម្ម កាលពីឆ្នាំ២០១៥ ផងដែរ៕