(ព្រៃវែង)៖ ​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ដើម្បីរក្សាការពារសន្តិភាពឲ្យបានគង់វង្ស និងសំបូរសប្បាយដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវតែគោរពច្បាប់ជាតិ គោរពរដ្ឋធម្មនុញ្ញ និងសូមកុំចូលរួមធ្វើអ្វី​ៗ ដែលប្រឆាំង​ច្បាប់របស់ជាតិ។

ការលើកឡើងរបស់ ​នាយឧត្តមសេនីយ៍ វង្ស ពិសេន ត្រូវបានធ្វើឡើង​នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តបន្ទាយទឹក ឃុំកញ្ជាំ ស្រុកពារាំង ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ន ហើយរាល់សមិទ្ធផលទាំងឡាយ ដែលកើតមាននេះ គឺមិនអាចកាត់ចេញពីថ្ងៃជ័យជំនះ៧មករាបានទេ ព្រោះមានថ្ងៃ៧មករា ១៩៧៩ ទើបមានអ្វីៗនៅថ្ងៃនេះ ដោយ​កម្ពុជា​មានប្រមុខរាជរដ្ឋាភិបាល ដឹកនាំល្អ ប្រកបដោយគតិបណ្ឌិត សង្គមជាតិមានសុខសន្តិភាព ពេញបរិបូណ៌ និងទើប​យើងទាំងអស់គ្នា មានអ្វីៗនៅថ្ងៃនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ​បានប្រគល់ថវិកា​បន្ថែមសរុប​៦០លានរៀល ជូនតាជី​យាយជី​១០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ, ពុទ្ធបរិស័ទ ប្រជាពលរដ្ឋចូលរួម១៥០០នាក់ ម្នាក់ៗសារុង១, សិស្សានុសិស្ស ១៥០នាក់ ម្នាក់ៗថវិកា១ម៉ឺនរៀល។

លោកគ្រូអ្នកគ្រូ និងគ្រូពេទ្យ៣២នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល ឧបត្ថម្ភក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា សរុបថវិកា​១លាន៥សែនរៀល ឧបត្ថម្ភសាលាស្រុក និងឃុំ​ថវិកា៥០ម៉ឺនរៀល ប្រគេនបច្ច័យព្រះសង្ឃ១៦អង្គ ក្នុងមួយអង្គបច្ច័យ៥ម៉ឺនរៀល រោងទិសទាំង៨​ ថវិកា១លាន៦សែនរៀល៕​