(ព្រៃវែង)៖ ក្នុងឱកាសចូលរួមពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលានៅវត្តអង្គប្រសូត្រ ហៅវត្តទ្រា ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែផល្គុន ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋប្រមាណ១៥០០នាក់ ។

ពិធីនេះដែរមានការអញ្ចើញចូលរួមពីសំណាក់ លោកស្រី អស់លោកជាសហការីក្នុងក្រុមការងារស្រុកឃុំ មន្ត្រីរាជការសាលាស្រុក មន្ត្រីមូលដ្ឋានឃុំទាំង៩ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមួយចំនួន។

លោក ទេព ភារុន អភិបាលស្រុកបាភ្នំ ជាតំណាងប្រជាពលរដ្ឋ និងជំនួសមុខឱ្យគណៈកម្មាការសាងសង់បានរាយការណ៍អំពីស្ថានភាពទូទៅនៃជីវភាពរស់នៅរបស់ប្រជាជន និងបញ្ហាផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន ព្រមទាំងអំពីដំណើរការកសាងឧបដ្ឋានសាលារយៈពេលកន្លងទៅរហូតបានបញ្ចប់ជាស្ថាពរ ដោយចំណាយទឹកប្រាក់អស់សរុបប្រមាណ ១៥០,០០០ដុល្លារអាមេរិក ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនជិតឆ្ងាយ។

បន្ទាប់ពីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកំលាំងសាមគ្គីរបស់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំស្រុកក្នុងការកសាងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានទាំងផ្នែកអាណាចក្រនិងផ្នែកពុទ្ធចក្រ រួមចំណែកយ៉ាងសកម្មគាំទ្ររាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រួចមក លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុក បានធ្វើការរំលឹក លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ចូលរួមចំណែករក្សាការពារសុខសន្តិភាព ស្ថេរភាពដើម្បីប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខទៀត ឥតឈប់ឈរលើផ្លូវប្រជាធិបតេយ្យដូចពេលបច្ចុប្បន្ន។

លោកប្រធានក្រុមការងារស្រុកបាភ្នំបានថ្លែងបញ្ជាក់ច្បាស់ថា៖ «សុខសន្តិភាពជាកត្តាស្លាប់រស់ កំណត់ការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិនៅលើផ្លូវប្រជាធិបតេយ្យជាបន្តទៅទៀត»។ ព្រោះថា បើប្រទេសគ្មានសន្តិភាព ប្រជាជនច្បាស់ជាមិនបានសុខទេ ហើយសិទ្ធិ សេរីភាព ប្រជាធិបតេយ្យពិតជាពុំអាចកើតមានសោះឡើយ។ នេះជាមេរៀនពិសោធន៍ដ៏ជូរចត់មិនអាចភ្លេចបានសម្រាប់យើងទាំងអស់គ្នាដែលធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រអតីតកាលនៃសង្គ្រាមនិងរបបប្រល័យពូជសាសន៍។ ហេតុនេះ ត្រូវរក្សាការពារដាច់ខាតនូវសុខសន្តិភាពរបស់ប្រជាជន និងមាតុភូមិជាទីស្នេហារបស់យើងឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជាបន្តទៀត។

លោកបន្តថា ទន្ទឹមនោះ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នទប់ស្កាត់រាល់ឧបាយកល ល្បិចកលនៃសង្គ្រាមចិត្តសាស្ត្ររបស់មជ្ឈដ្ឋានអមិត្តទាំងនៅក្នុងនិងនៅក្រៅប្រទេសដែលបាននិងកំពុងបំភាន់សាធារណៈមតិឱ្យយល់ច្រឡំពីស្ថានភាពពិតជាក់ស្តែងនៃលំហសិទ្ធិ​ សេរីភាព ប្រជាធិបតេយ្យនៅកម្ពុជា។ សំណួរយ៉ាងសាមញ្ញចំពោះអ្វីដែលកំពុងកើតមានសព្វថ្ងៃ ជាអាទិ៍៖ តើការបំផុស ​ញុះញង់ពលរដ្ឋមិនឱ្យគោរពច្បាប់ជាធរមាន ជាការការពារនិងលើកតម្កើងសិទ្ធិសេរីភាពរបស់ពលរដ្ឋដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមែនឬទេ? តើការអំពាវនាវឱ្យពលរដ្ឋចូលរួមប្រព្រឹត្តអំពើកុបកម្មប្រឆាំងអាជ្ញាធរសាធារណៈស្របច្បាប់ ជាការស្តារនិងលើកស្ទួយលទ្ធិប្រជាធិបតេយ្យមែនឬទេ?

លោកលើកឡើងថា ចំពោះយើងទាំងអស់គ្នាជាប្រជាជនស្លូតត្រង់ច្រើនលើសលប់ដែលស្រលាញ់សុខសន្តិភាព គោរពសិទ្ធិ និងជីវិតអ្នកដទៃ ស្រលាញ់ប្រជាធិបតេយ្យប្រកបដោយសន្តិភាពដែលគ្មានអំពើហិង្សាស្របតាមពុទ្ធោវាទនៃព្រះសមណគោតម យើងច្បាស់ជាយល់ថា ទង្វើទាំងឡាយរបស់ពួកអ្នកជ្រុលនិយមដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស កំពុងតែបន្លំខ្លួនជាតំណាងឆន្ទៈពលរដ្ឋ អួតអាងមិនចេះខ្លាចអំណាចច្បាប់នៃនីតិរដ្ឋហើយកំពុងសកម្មបំផុស ញុះញង់ក្រោមលេសនៃរបស់ដែលហៅថា «ការស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា» ជំរុញឱ្យមហាជន ងើបឈរឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ចេញពីការបោះឆ្នោតគឺជាអំពើខុសច្បាប់និងផ្ទុយពីគោលការណ៍ពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ហើយច្បាស់ណាស់ បំណងចុងក្រោយរបស់ពួកគេ គឺគ្មានអ្វីក្រៅពីការធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងបង្កឱ្យមានភាពវឹកវរ ចលាចលក្នុងសង្គម រុញច្រានប្រទេសជាតិឱ្យធ្លាក់ទៅក្នុងជ្រោះនៃសង្គ្រាមវិនាសកម្មសាជាថ្មីម្តងទៀតនោះឡើយ។

លោកលើកឡើងថា ដូច្នេះ ទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ យើងត្រូវរួមសាមគ្គីគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិឱ្យបានរឹងមាំ បន្តអភិវឌ្ឍន៍សង្គមជាតិឱ្យបានរីកចម្រើនឆាប់រហ័ស សំដៅជំរុញដំណើរជាតិកម្ពុជាលើផ្លូវប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋដូចបច្ចុប្បន្នដើម្បីអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើង៕