(ត្បូងឃ្មុំ)៖ មេការជនជាតិថៃ២នាក់ ដែលជាប់ពាក់ព័ន្ធការបំផ្ទុះថ្ម ក្នុងការដ្ឋានកិនថ្ម​របស់​ចិនឈ្មោះ «ឆៃណារ៉ូត អ៊ែនប៊្រីតខុមប្រេសិន» នៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ដែល​ផ្លោង​ត្រូវចំក្បាលអ្នកបើករថយន្ដបែនដឹកថ្ម របស់ក្រុមហ៊ុនបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ត្រូវចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះថា មេការជនជាតិថៃ២នាក់ ដែលត្រូវតុលាការខេត្តត្បូងឃ្មុំ សម្រេចឃុំខ្លួនដាក់ពន្ធនាគារនោះ ​ទី១៖ឈ្មោះ ព្រីរ៉ាត់ ម៉ាថាវ៉ុន (PRIRAT MATHAWORN​​​) ប្រធានបច្ចេកទេសបំផ្ទុះ និងទី២៖ ឈ្មោះ កេត​សេនី ប៊ុនម៉ា (KETSENI BUNMA) ប្រធានបច្ចេកទេសខួងរណ្ដៅបំផ្ទុះ។

សូមជម្រាបថា ហេតុការណ៍នេះកើតឡើង វេលាម៉ោង០៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ នៅចំណុចការដ្ឋានកិនថ្មរបស់ជនជាតិចិនខាងលើ បណ្ដាលបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ឈ្មោះ​ ជុំ រចនា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តបែនដឹកថ្មក្រុមហ៊ុនខាងលើ មានទីលំនៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា លោកបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងខាងលើ ដែលមានការធ្វេសប្រហែលបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកដទៃ។ លោកស្នងការអះអាងថា តាមអ្វីដែលកំណត់ មុនឈានដល់ការបំផ្ទុះថ្ម ម្ចាស់ទីតាំងត្រូវតែមានការជូនដំណឹងដល់ប្រជាពលរដ្ឋ ដូចជាបើកស៊ីរ៉ែន ឬប្រើមេក្រូប្រកាសជាដើម។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងតែចាត់ការតាមនីតិវិធី មេការអាចប្រឈមមុខនឹងបទល្មើស មនុស្សឃាតដោយអចេតនា ព្រោះនៅក្នុងលក្ខខណ្ឌមុននឹងបំផ្ទុះគេត្រូវជូនដំណឹងមុនទៅប្រជាពលរដ្ឋ ត្រូវមានស៊ីរ៉ែន ត្រូវមានមេក្រូស្រែក ហើយឥលូវយើងកំពុងតែអង្កេត»

បើតាមលោកស្នងការ ភ្លាមៗក្រោយករណីនេះ ​កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ដែលអាចជាប់ពាក់ព័ន្ធមានទាំងប្រធានរដ្ឋបាល ប្រធានផ្នែក អ្នកបកប្រែ ហើយក្នុងនោះមានម្នាក់ជាជនជាតិថៃ ដែលជាអ្នកបញ្ជាការបំផ្ទុះ។ ការឃាត់ខ្លួននេះ ក្រោយការឯកភាពពីលោក ប៉ុក តារា ព្រះរាជអាជ្ញារងខេត្តត្បូងឃ្មុំ៕