(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Kraipope Jarupaiboon វេជ្ជបណ្ឌិតផ្នែកជំងឺមហារីកសុដន់ បានឲ្យដឹងថា បច្ចុប្បន្ននេះអត្រានៃការយល់ដឹងពី ជំងឺមហារីកសុដន់របស់ស្រ្ដីកម្ពុជា នៅមានកម្រិតទាបនៅឡើយ។ ការយល់ដឹងទាបនេះហើយបានធ្វើឲ្យស្រ្ដី មានអត្រាមរណៈខ្ពស់ដោយសារជំងឺនេះ។

លោកវេជ្ជបណ្ឌិត Kraipope Jarupaiboon ឲ្យដឹងថា «ជំងឺមហារីកសុដន់នៅកម្ពុជាឃើញថា អត្រាភាគរយកើនឡើងជាងកាលពីប៉ុន្មានឆ្នាំកន្លងទៅ ហើយនេះជាកត្តាព្រួយបារម្ភដ៏ធំមួយដែរ។ ដោយឡែកសម្រាប់ការយល់ដឹងពី ជំងឺនេះរបស់ស្រ្ដីកម្ពុជាមានកម្រិតទាបនៅឡើយដោយសារតែ មានស្រ្ដីកម្ពុជាតិចតួចបំផុតដែលបានមកពិនិត្រសុដន់ស្វែងរកជំងឺនេះ»

លោកវេជ្ជបណ្ឌិតឲ្យដឹងទៀតថា ក្រៅពីប្រទេសថៃកម្ពុជាក៏ជាប្រទេសមានអ្នក កើតជំងឺមហារីកសុដន់ច្រើន ដោយសារតែជំងឺនេះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយការព្យាបាលជំងឺមហារីកសុដន់នៅកម្ពុជា ក៏នៅមានកម្រិតមួយទាបនៅឡើយទេ បើប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាង។

លោកវេជ្ជបណ្ឌិតបន្ដថា ដើម្បីការពារនិងដឹងទាន់ពេលវេលាថា តើយើងកើតជំងឺមហារីកសុដន់ ឬអត់គឺត្រូវទៅពិនិត្រសុដន់ឲ្យបានជារៀងរាល់ឆ្នាំ ដោយតាមរយៈការថតមាំម៉ូក្រាម ឬពិនិត្យសុដន់ដោយខ្លួនឯង។

លោកបន្ដថា មានកត្តាហានីភ័យជាច្រើនអាចបង្កឲ្យ កើតជំងឺមហារីកសុដន់រួមមាន​៖ កត្តាស៊ែន, កត្តាប្រើប្រាស់គ្រឿងស្រវឹងច្រើន, ការជក់បារី, ការស្រប់ផ្សែងបារី, ការទទួលទានអាហារមានជាតិខ្លាញ់ច្រើនពេក, កង្វះការហាត់ប្រាណ, ការប្រើប្រាស់ថ្នាំពន្យារកំណើត (ថ្នាំលេប) លើសពី៥ឆ្នាំជាដើម។

ក្នុងនោះដែរលោកស្រីវេជ្ជបណ្ឌិត Yingchi Wang វេជ្ជបណ្ឌិតផ្នែករោគស្រ្ដី បានចូលរួមចែករំលែកដល់សារធារណជនយល់ដឹងពីជំងឺ និងការព្យាបាលជំងឺដុំសាចក្នុងស្បូននិងការជ្រើសរើយកការព្យាបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ។

លោកស្រីវេជ្ជបណ្ឌិត Yingchi Wang ឲ្យដឹងថា «សម្រាប់អ្នកកើតជំងឺដុំសាចក្នុងស្បូន ឬដៃស្បូនសូមជ្រើសរើសយកវិធីសាស្រ្ដ ក្នុងការចោះជាមួយឧបករណ៍ទំនើប ដែលជួយឲ្យជំងឺនេះជាឆាប់រហ័ស, មានសុវត្ថិភាពខ្ពស់, ការបន្ថយការបាត់បង់ឈាម, ផលវិបាកនៃការចោះនេះមានតិចតួច និងធ្វើឲ្យស្នាមរបួសតូច»

សូមបញ្ជាក់ថា យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​​ឲ្យ​ដឹង​ថា អត្រា​អ្ន​ស្លាប់​ដោយសារ​ជំងឺមហារីក​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ពោល​គឺ​ប្រមាណ​៨,២​លាន​នាក់​ក្នុង​១​ឆ្នាំ​។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​បង្ក​ឡើង​ដោយ​ជំងឺមហារីក​មួយ​​ដូច​ជា៖ មហារីក​សួត, មហារីកថ្លើម, មហារីក​សុដន់ជាដើម ហើយជំងឺមហារីក​សុដន់​ជា​ប្រធានបទ​ថ្មី ដែល​មានការ​ចាប់អារម្មណ៍​​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូ​ទាំង​លើពិភពលោក៕