(កំពង់ឆ្នាំង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសផ្ដល់កាដូរមួយដ៏ធំជូនប្រជាពលរដ្ឋ នៅដើមឆ្នាំ២០១៩នេះ ដោយសម្រេចឲ្យមានការ​សាងសង់ផ្លូវ និងស្ពាន ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ហើយផ្លូវនោះមានប្រវែងជាង៥៧គីឡូម៉ែត្រ។ ផ្លូវ និងស្ពាននេះ ត្រូវធ្វើចេញពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រហូតដល់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ការប្រកាសផ្ដល់កាដូធំពីសំណាក់សម្ដេចតេជោ ហ៊ុន​ សែន បានធ្វើឡើងក្នុងឱកាសសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធីបតីភាពប្រារព្ធពិធីបុណ្យទន្លេលើកទី៥ ​ក្រោមប្រធានបទ «​ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំសូមប្រកាសទៅកាន់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពងធំថា ខ្ញុំសម្រេចចិត្តផ្ដល់ការអនុញ្ញាតសាងសង់ស្ពាន និងផ្លូវតភ្ជាប់រវាងកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដែលផ្លូវនេះមានចម្ងាញជាង៥៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ [...] សូមជូនកាដូឆ្នាំ​ថ្មី ជូន​ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានប្រកាសបន្ថែមថា ស្ពានដែលនឹងត្រូវសាងសង់នេះ គឺជាស្ពានដែលមានប្រវែងវែងជាងគេនៅកម្ពុជា រហូតដល់៣,៩០០ម៉ែត្រ ហើយនឹងត្រូវកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជ្រោយបូស​ និងទន្លេកំពង់ហាវ ដែលនេះជាការធ្វើស្ពានដើម្បីកុំឲ្យមានផលប៉ះពាល់ទៅលើ បញ្ហាចរាចរណ៍ផ្លូវទឹក និងចរាចរណ៍ត្រី។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ការសម្រេចសាងសង់ស្ពាន និងផ្លូវនេះ មិនមែនជាផលប្រយោជន៍របស់អ្នកខេត្តកំពង់ឆ្នាំង និងអ្នក​កំពង់ធំនោះទេ ពោល​បច្ចុប្បន្ន​ប្រសិនបើអ្នកកំពង់ឆ្នាំង ចង់ទៅ​កំពង់ធំ ត្រូវធ្វើដំណើរដល់ទៅជាង១០០គីឡូម៉ែត្រ ​កាត់តាមព្រែកក្ដាម ទើបឆ្លងកាត់​ខេត្តកណ្ដាល, ខេត្ដកំពង់ចាម ទើបចូលដល់ខេត្តកំពង់ធំ។ ប៉ុន្ដែបន្ទាប់ពីផ្លូវ និងស្ពានមួយខ្សែនេះត្រូវបានសាងសង់រួចរាល់ ប្រជាពលរដ្ឋចំណេញពេលវេលា ចំណេញថ្លៃដឹកជញ្ជូន ថ្លៃប្រេងបានយ៉ាងច្រើនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីផ្លូវ និងស្ពានថ្មីមួយនេះ ខណៈដែលអ្នកជំនាញបានសិក្សាជាក់លាក់រួចហើយថា មិនមានផលប៉ះពាល់ណាមួយ ដែលឈានដល់ការបំផ្លាញធនធានធម្មជាតិ ឬបង្វែចរន្ដទឹក និងស្ទះចរាចរណ៍ផ្លូវទឹក និងការបំលាស់ទីរបស់ត្រីនោះទេ៕