(កំពង់ឆ្នាំង)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ បានលើកឡើងថា បុណ្យទន្លេលើកទី០៥នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដែលស្របនឹងបរិបទ​នៅពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាល បាននិងកំពុងធានាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩​ នៅល្ងាច​​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ថោង ខុន បានគូសបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាព បានជំរុញឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ ហើយក្នុងនោះវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» ក៏សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ។

រដ្ឋមន្ដ្រី ថោង ខុន បានបន្ថែមថា ពិធីបុណ្យទន្លេ ក៏ជាឱកាសដ៏ប្រសើរដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ការប្រលងប្រណាំងទីក្រុងស្អាតកម្ពុជា និងការប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ការអភិវឌ្ឍផលិតផល​ទេសចរណ៍ តាមដងទន្លេ (River-based Tourism)។

ជាពិសេសការអភិវឌ្ឍនាវាទេសចរណ៍ តាមដងទន្លេមេគង្គ តាមស្តង់ដាអាស៊ាន (ASEAN Mekong River Cruise Standard) និងការអប់រំយល់ដឹង ជាសាធារណៈដល់​ប្រជាពលរដ្ឋមូលដ្ឋានអំពីសារៈប្រយោជន៍ នៃធនធានតាមដងទន្លេ ស្របតាមទស្សនទាន «ទន្លេរបស់យើង សម្រាប់ប្រជាជនយើង និងវិបុលភាព (Our River for Our People and Prosperity)»។​​

បើតាមលោករដ្ឋមន្ដ្រី ថោង ខុន នៅក្នុងពិធីបុណ្យទន្លេលើកទី០៥ ឆ្នាំ២០១៩​នេះ គណៈកម្មការអន្តរក្រសួងបានរៀបចំឲ្យមានសកម្មភាពសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

* ទី១៖​ ពិធីបំពាក់ឯកសណ្ឋាន និងមួកសុវត្ថិភាព ជូនបងប្អូនអ្នករត់ម៉ូតូឌុបប្រមាណ​២០០នាក់ នៅក្រុងកំពង់ឆ្នាំង រៀបចំដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង។

* ទី២៖​ កម្មវិធីដាំដើមឈើអនុស្សាវរីយ៍ ក្រោមទស្សនទាន «ទេសចរម្នាក់ ដើមឈើមួយដើម» «គូរស្រករមួយគូរ ដើមឈើមួយដើម»។ សម្តេចចៅហ្វាវាំង គង់ សំអុល បានអញ្ជើញជាអធិបតី​ក្នុងពិធីនេះ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

* ទី៣៖ ​សិក្ខាសាលាក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» និងការជូនរង្វាន់ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើម ដែលមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ អាជីវករ សិស្ស-និស្សិត និងភាគីពាក់ព័ន្ធប្រមាណ​១,០០០នាក់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។​

* ទី៤៖ ​ពិធីក្រុងពាលីបួងសួង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

* ទី៥៖ សកម្មភាពកីឡា រួមមាន ការរត់ប្រណាំងកម្សាន្ត ៣គីឡូម៉ែត្រ-៥គីឡូម៉ែត្រ ការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ​កីឡាប្រណាំងរទះ កីឡាជិះកង់កម្សាន្ត ១០គីឡូម៉ែត្រ ប្រដាល់គុនខ្មែរ និងប្រដាល់សកល ចំបាប់បុរាណ ​កីឡាទាញព្រ័ត្រ កីឡាវាយសី និងការប្រណាំងទូកប្រពៃណី​-ល-។

* ទី៦៖ ការប្រគំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរ ព្រមជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយផ្សេងៗទៀតជាច្រើន។​

* ទី៧៖ មហោស្រពម្ហូបអាហារខ្មែរ (Cambodian Gastronomy) ការរៀបចំវិថីម្ហូបអាហារ (Food Street) ដែលជាគំរូលើកដំបូង និងការតាំងពិព័រណ៍ផលិតផលខ្មែរ កសិ-ទេសចរណ៍ កសិកម្ម សិប្បកម្ម ដែលលើកនេះមានការចូលរួមច្រើនប្រមាណ​៣៥០ស្តង់ នៃចំនួនស្តង់ សរុ​ប​៤០០ស្តង់ រួមជាមួយស្តង់ផលិតផលបរទេស ប្រមាណ​៥០ស្តង់៕