(ភ្នំពេញ)៖​ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌឫស្សីកែវ បានអំពាវនាវដល់អាជ្ញាធរខណ្ឌឫស្សីកែវ និងសង្កាត់ទាំង៧ ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងព្យាយាមបំពេញតាមសេចក្តីត្រូវការរបស់ពួកគាត់ នៅតាមមូលដ្ឋាននានា ទាំងសេវាចាំបាច់ និងសេវាសំណូមពរ។

ការលើកឡើងនេះ ធ្វើឡើ​ង​ក្នុងឱកាសដែល​លោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្ត សេចក្តីសម្រេចសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី៥​របស់រាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ នៅមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់ពីបានអានផែនការចាត់តាំងអនុវត្តសេចក្តីសម្រេច សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី៥ របស់រាជធានីភ្នំពេញ ដោយលោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ, លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង​ថា ដើម្បីឲ្យគណបក្ស​កាន់តែទទួលនូវជោគជ័យជាបន្តទៀត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។

ស្របទៅនឹងជ័យជំនះដ៏ធំធេង ដែលគណបក្សប្រជាជនកម្ពុជា បានទទួលរួចមកហើយនូវការឈ្នះបានអាសនៈ​១២៥ លើ១២៥ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ដែលជោគជ័យនេះ គឺមិនមែនកើឡើងដោយចៃដន្យនោះទេ តែវាបានកើតឡើងក្រោមស្នាដៃ នៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិក សមាជិការបស់បក្សទាំងអស់ ដែលបានសហការគ្នា និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អប្រសើរ។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានណែនាំឲ្យ​ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សទាំង៧សង្កាត់របស់ខណ្ឌឫស្សីកែវ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្សព្វផ្សាយខ្លឹមសារ និងអនុវត្តគោលនយោបាយនានារបស់បក្ស ដែលបានដាក់ចេញនូវទិសដៅ ភារកិច្ចរួមជាយុទ្ធសាស្រ្ត និងទិសដៅភារកិច្ចឆ្នាំ២០១៩ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការដែរ ក៏មានការបង្ហាញខ្លួន​របស់សមាសភាពបេក្ខជនក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ក្នុងនោះបេក្ខជនពេញសិទ្ធិមានចំនួន ២១រូប ស្រី៣រូប និងបេក្ខជនបម្រុង២១រូប ស្រី៥រូប៕