(កំពង់ឆ្នាំង)៖ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បាន​សហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័ត (​គីមីចំណីអាហារ, ប្រេងឥន្ធនៈ​)​ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែន​ដី បានចុះពិនិត្យទំនិញហូបចុក​ចំនួន២៤​មុខ ​​តាមស្តង់ក្នុងពិធីបុណ្យទន្លេ​ និង​ស្ថានីយប្រេងឥន្ធនៈ ចំនួន​០៨​ស្ថានីយ/ដេប៉ូ នៅក្រុងកំពង់ឆ្នាំង។

មន្ដ្រីកាំកុងត្រូល ដែលចូលរួមប្រតិបត្តិការនេះ ប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការពិនិត្យទំនិញនេះ ពុំឃើញវត្តមានសារធាតុគីមីហាមឃាត់នោះឡើយ ព្រោះតែប្រជាពលរដ្ឋ និងក្រុមអាជីវករ កាន់តែមានការយល់ដឹងខ្ពស់ចំពោះបញ្ហាសុខភាព។

ប៉ុន្ដែក្នុងប្រតិបត្តិការពិនិត្យនៅតាមស្ថានីយប្រេងឥន្ធនៈវិញ មន្ដ្រីជំនាញរកឃើញថា ស្ថានីយ​០៤ គឺពុំមានភាពអនុ​លោមផ្នែកបរិមាណឡើយ ខណៈ៤ស្ថានីយ៍ផ្សេងទៀត​ មានភាពអនុ​លោមទាំងបរិមាណ និងគុណភាព។

ក្រោយពិនិត្យឃើញយ៉ាងដូច្នេះថា មន្ដ្រីជំនាញរបស់កាំកុងត្រូល ​បានឲ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យា​កែប្រែកំហុសឆ្គងទាំងនោះផង​ដែរ ហើយប្រសិនបើរកឃើញនៅពេលក្រោយទៀតនោះ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕​