(បន្ទាយមានជ័យ)៖ ភ្លៀងមួយមេធំ ដែលមានលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ នៅល្ងាចថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បានបង្កឱ្យខូចខាតលំនៅដ្ឋាន និងសាលារៀន ចំនួន៣២ខ្នង នៅក្នុងក្រុង-ស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ តែគ្រោះធម្មជាតិនេះ មិនបង្កឱ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ករណីភ្លៀងមួយមេធំលាយលំជាមួយខ្យល់នេះ គ្រប់ដណ្តប់លើស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ។

ករណីខ្យល់កន្ត្រាក់នេះ កម្លាំងនគរបាល កំពុងចុះជួយរៀបចំ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ និងរកកន្លែងមានសុវត្ថិភាពជូនពលរដ្ឋ ទោះបីជាយ៉ាងណាកម្លាំងនគរបាល និងអាជ្ញាធរបានធ្វើការអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងនៅការប្រែប្រួលអាកាសធាតុផងដែរ។

សូមបញ្ជាក់ថា តាមការជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ រាជធានី-ខេត្តមួយចំនួន នឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់កន្ត្រាក់ ខណៈសីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់៣២ ដល់ ៣៥អង្សាសេ។

ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាយថាហេតុ នៅពេលមេឃរកកលភ្លៀងខាងមុខនេះផងដែរ៕

Advertising