(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បានរៀបចំវេទិកាវិទ្យាសាស្រ្ត ស្តីពី​ «បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា ប្រព័ន្ធសេដ្ឋកិច្ច និងឧត្តមភាពប្រៀបធៀប» ដោយមានការចូលរួម​ធ្វើបាឋកថាដោយ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាទីប្រឹក្សាកិត្តិយសជាន់ខ្ពស់​របស់មហាវិទ្យាល័យសង្គមសាស្ត្រ និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ​។កម្មវិធីនេះ មាន​ការចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិសិ្សត ជាង៣០០នាក់។ ​

ក្នុងមតិស្វាគមន៍បើកកម្មវិធី លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរងទទួលបន្ទុកថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជាតំណាងលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបង្ហាញពីចំណាប់អារម្មណ៍ថា វេទិកាវិទ្យាសាស្ត្រនេះ​ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជាការជំនួយស្មារតីបន្ថែម ដល់និសិ្សតគ្រប់កម្រិត គ្រប់ឯកទេស របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និយាយជារួម និងនិយាយដាច់ដោយឡែក ​គឺផ្តល់ចំណេះដឹងជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់និសិ្សតក្នុងមហាវិទ្យាល័យសង្គមសាស្ត្រ និងសេដ្ឋកិច្ច​ ។

លោក ស៊ុន សេដ្ឋា បានលើកឡើងពីចក្ខុវិស័យ និងបេសកកម្មរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្តោតលើការបណ្តុះបណ្តាលគ្រប់កម្រិតជំនាញ ភាសា ក្នុងគោលបំណងលើកស្ទួយវិស័យអប់រំឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព សមត្ថភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតំរូវការនៃការរីកចម្រើនទាំងក្នុង និងក្រៅប្រទេស។

លោកបន្ដថា «ក្នុងនោះយើងមានបេសកកម្មសំខាន់ៗ ដូចជា៖ ផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ជំរុញការស្រាវជ្រាវ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ព្រមទាំងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា»។

លោកសាកលវិទ្យាធិការរង បានបង្ហាញពីគោលបំណងរបស់វេទិកាវិទ្យាសាស្រ្តស្តីពី​ បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជាប្រព័ន្ធសេដ្ឋកិច្ច និងឧត្តមភាពប្រៀបធៀ ​រួមមាន៖ ផ្តល់ចំណេះដឹង និសិ្សតពីភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និន្នាការកើនឡើង នៃការវិនិយោគក្នុងស្រុក និងឯកទេសវិទ្យាសាស្រ្តសេដ្ឋកិច្ច ពិតជាមានសារៈប្រយោជន៍ សម្រាប់ជីវភាពរស់នៅរបស់មនុស្សនិយាយជារួម និងនិយាយដាច់ដោយឡែក វាមានសារៈសំខាន់សម្រាប់និស្សិត និងអ្នកសិក្សាស្រាវជា្រវវិភាគនានា ដូចជា វិស័យធុរៈកិច្ច នយោបាយ ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យាជាដើម។

វេទិកាវិទ្យាសាស្រ្តនេះ នឹងចូលរួមផ្តល់នូវពុទ្ធិយ៉ាងទំលំទូលាយ ចូលរួមលើកកម្ពស់ការយល់ដឹងពីគោលការណ៍ទូទៅ នៃវិទ្យាសាស្រ្តសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង គោលនយោបាយ យុទ្ធសាស្រ្ត នៃការអភិវឌ្ឍសង្គមជាតិ បញ្ហាសាកលភាវូបនីយកម្ម ដំណោះស្រាយវិបត្តិសេដ្ឋកិច្ច បញ្ហាហិរញ្ញវត្ថុ ដែលបានកើតឡើងនៅក្នុងប្រទេស និងពិភពលោក។

ក្នុងន័យនេះកត្តាចាំបាច់បំផុតសម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន គឺស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្តិសុខសង្គម សន្តិភាព ការគ្មានសង្គា្រម និងគ្មានជម្លោះប្រដាប់អាវុធជាដើម។ ក្នុងយុគសម័យបច្ចេកវិទ្យា វិទ្យាសាស្រ្តសេដ្ឋកិច្ចក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ជាមូលដ្ឋានសំខាន់ចង្អុលបង្ហាញផ្លូវ ផ្តល់នូវវិធីវិភាគត្រឹមត្រូវស្វែងឧត្តមភាពប្រៀបធៀប ដើម្បីដើរឱ្យទាន់សភាពការណ៍សេដ្ឋកិច្ចពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសសម្រាប់កម្ពុជា កំពុងស្ថិតក្នុងដំណើរការនៃការធ្វើសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសាកលលោក។

ក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធីបាឋកថា លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានមានមតិស្វាគមន៍ ទៅកាន់អង្គពិធីទាំងមូល និងបានកោតសរសើរអំពីភាពរីកចម្រើនរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានអគារទំនើប និងមានចំនួននិសិ្សតច្រើនកំពុងសិក្សា ហើយបានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យល្បីនៅកម្ពុជា ព្រមទាំងទទួលបានការគាំទ្រពីគ្រប់មជ្ឈដា្ឋននៃអ្នកសិក្សាផងដែរ។

បាឋកថារបស់ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ បានពន្យល់បកស្រាយយ៉ាងពិស្តារ អំពី យន្តការនានាដែលជំរុញឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន ដូចជា វិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម ដែលជាផ្នែកស្នូលចម្បង កំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជានាពេលបច្ចុប្បន្ន។
ក្នុងកិច្ចការពិភាក្សា ដោយមានការលើកឡើងជាសំណួរយ៉ាងផុសផុល ពីសំណាក់សិក្ខាកាមនៃអង្គវេទិកាវិទ្យាសាស្រ្ត លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ បានពន្យល់យ៉ាងក្បោះក្បាយពីប្រព័ន្ធសេដ្ឋកិច្ច និងឧត្តមភាពប្រៀបធៀបសេដ្ឋកិច្ចក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោក និងបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧ ភាគរយជារៀងរាល់ឆ្នាំគិតជាមធ្យម។

លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានធ្វើការប្រៀបធៀប និងឆ្លុះបញ្ចំងពីការអភិវឌ្ឍនៃសេដ្ឋកិច្ចកម្ពុជា ពីប្រព័ន្ធសេដ្ឋកិច្ចនីមួយៗ តាមរបបនយោបាយ នៃអន្តរការផងដែរ។ លោកសង្កត់ធ្ងន់ថា សព្វថ្ងៃសេដ្ឋកិច្ចរបស់កម្ពុជាយើង កំពុងមានការកំណើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលផលិតផលក្នុងស្រុកសរុប (GDP) មានការកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះវិស័យកសិកម្ម ២០% ឧស្សាហកម្ម ៣២% និងសេវាកម្ម ៤០% (តួលេខក្នុងឆ្នាំ២០១៨)។ ចំណែកឯផលិតផលសរុបក្នុងស្រុក សម្រាប់ប្រជាពលរដ្ឋ ម្នាក់ៗជាមធ្យមប្រមាណជាង១,៥០០ដុល្លារក្នុងឆ្នាំ២០១៨៕