(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះប្រភពអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តងត្រូវបានកាត់ផ្តាច់ប្រព័ន្ធនៅតាមតំបន់មួយចំនួន ដោយសារតែប្រភពផ្គត់ផ្គង់អគ្គិសនីមិនអាចផលិតថាមពលបានគ្រប់គ្រាន់តាមតម្រូវការ។ តាមពិតទៅតាមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកការវិនិយោគផលិតប្រភពអគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វាបានធ្វើឲ្យកម្ពុជាមានប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបម្រើសេចក្តីត្រូវការរបស់រោងចក្រ សហគ្រាស និងកន្លែងផ្តល់សេវានានាដូចជាសណ្ឋាគារជាដើមទៅហើយ។

ជាក់ស្តែងដូចជាកាលពីឆ្នាំកន្លងទៅការផ្គត់ផ្គង់ថាមពលអគ្គិសនីបានមានស្ថេរភាពមិនសូវជួបការដាច់នោះឡើយ។ តែជាអកុសលសម្រាប់កម្ពុជានៅឆ្នាំនេះ បើទោះបីប្រភពផលិតថាមពលអគ្គិសនីបានបង្កើតច្រើនតែដោយសារតែបញ្ហាកើនឡើងកម្តៅថ្ងៃជាហេតុធ្វើប្រភពផ្តល់ថាមពលអគ្គិសនីដែលប្រើប្រាស់កម្លាំងទឹក ដើម្បីបង្កើតថាមពលអគ្គិសនីមិនអាចផលិតថាមពលឲ្យអស់អានុភាពរបស់ខ្លួននោះឡើយ។

ការកើនឡើងកម្តៅនេះ បានធ្វើឲ្យទឹកដែលស្តុកនៅតាមវារីអគ្គិសនីនីមួយៗត្រូវហួតខុសពីធម្មតា ធ្វើឲ្យទឹកនៅក្នុងវារីអគ្គិសនីនោះ ក៏ចាប់ផ្តើមស្រកខ្លាំងទើបធ្វើឲ្យស្ថានីយវារីអគ្គិសនីមិនអាចផលិតថាមពលឲ្យគ្រប់តាមកម្លាំងរបស់ខ្លួននោះឡើយ ហើយក៏ជាហេតុធ្វើឲ្យការផលិតថាមពលអគ្គិសនីចែកចាយដល់អ្នកប្រើប្រាស់មិនបានគ្រប់គ្រាន់តាមតម្រូវការផងដែរ។

ក្រៅតែពីការបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ថាមពលអគ្គិសនីបានដើរតួនាទីចាំបាច់ខ្លាំងណាស់សម្រាប់បម្រើសង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាស និងកន្លែងផ្តល់សេវាកម្មទេសចរណ៍ដូចជាសណ្ឋាគារជាដើម។

រោងចក្រ សហគ្រាស និងកន្លែងផ្តល់សេវាកម្មទេសចរណ៍ដូចជាសណ្ឋាគារនេះ ត្រូវការថាមពលអគ្គិសនីជាចាំបាច់ណាស់ សម្រាប់ដំណើរការសង្វាក់ផលិតកម្មផលិតនូវផលិតនានា ដើម្បីបំពេញតម្រូវការអ្នកបញ្ជាទិញរបស់ខ្លួនដែលមិនអាចខកខាន រីឯសណ្ឋាគារក៏ត្រូវការថាមពលអគ្គិសនីជាចាំបាច់ណាស់ដែរ បំពេញដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅកម្ពុជា។

ដោយការថ្លឹងថ្លែងទៅលើភាពចាំបាច់នៃការប្រើប្រាស់ថាមពលក្នុងពេលដែលថាមពលផលិតមិនគ្រប់គ្រាន់នេះ ទើបអគ្គិសនីកម្ពុជា បានសម្រេចធ្វើការបែងចែកការប្រើប្រាស់ថាមពលអគ្គិសនី ដោយត្រូវបង្ខំចិត្តកាត់ផ្តាច់ចរន្តផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួនដែលជាកន្លែងប្រើប្រាស់របស់ប្រជាពលរដ្ឋនៅពេលថ្ងៃ ដើម្បីប្រមូលយកថាមពលទៅផ្គត់ផ្គង់នៅតាមរោងចក្រ សហគ្រាស និងតំបន់ផ្តល់សេវាកម្មទេសចរណ៍ ដែលសុទ្ធតែជាកន្លែងមានតម្រូវការចាំបាច់ និងសំខាន់ដែលពិបាកនឹងកាត់ផ្តាច់បំផុត។ បើរោងចក្រ សហគ្រាស មិនមានថាមពលអគ្គិសនីសង្វាក់ផលិតកម្មត្រូវខកខានពួកគេនឹងមិនអាចផលិតផលិតបំពេញតាមការបញ្ជាទិញនោះឡើយ។

បើទោះបីជាយ៉ាងណារាជរដ្ឋាភិបាល និងអគ្គិសនីកម្ពុជា ក៏មិនបានព្រងើយកន្តើយក្នុងការដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយនេះនោះឡើយ។ អគ្គិសនីកម្ពុជា បានបន្តស្វះស្វែងរកការទិញប្រភពអគ្គិសនីបន្ថែមពីបណ្តាប្រទេសជិតខាង ក៏ដូចជាស្វែងរកការផលិតថាមពលដោយខ្លួនឯងបន្ថែមទៀត ដូចជាការចរចាជាមួយប្រទេសតួកគី ដើម្បីយកនាវាផលិតថាមពលអគ្គិសនីចូលមកផលិតថាមពលអគ្គិសនីជាដើម។

ព្រោះតែការអាក់ខាននៃការផ្គត់ផ្គង់អគ្គិសនីនេះ គេបានសង្កេតឃើញប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលជួបការកាត់ផ្តាច់ចរន្តអគ្គិសនី ហើយគាត់មិនបានយល់ពីបញ្ហានោះ ក៏ផ្តើមការចេញមករអ៊ូរទាំជុំវិញការលំបាកកើតចេញពីការអត់អគ្គិសនីប្រើប្រាស់ ហើយក៏មានអ្នកខ្លះទៀតបានឈានដល់ការជេរប្រមាថយ៉ាងធ្ងន់ធ្ងរ និងអសុរោះជាពន់ពេកចំពោះរាជរដ្ឋាភិបាល និងអគ្គិសនីកម្ពុជា។

តាមពិតទៅក្នុងប្រទេសប្រជាធិបតេយ្យការបញ្ចេញមតិរិះគន់ជាសេរីភាពរបស់ប្រជាពលរដ្ឋ តែមិនគួរឈានដល់ការជេរប្រមាថនោះទេ ព្រោះក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជាសុទ្ធតែបានហាមប្រាមការជេរប្រមាថ។ មួយវិញទៀតការជេរប្រមាថនេះ ក៏ជាការបង្ហាញឲ្យឃើញនូវឱនភាពនៃសីលធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។

ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសជឿនលឿនដូចជាចិន ជប៉ុន កូរ៉េខាងត្បូង ដែលប្រទេសនេះសុទ្ធតែជាប្រទេសឧស្សាហ៍ជួបគ្រោះធម្មជាតិ។ ជាតិសាសន៍មួយនេះ នៅពេលជួបបញ្ហាពួកគេបានអត់ធ្មត់ មិនសូវជាអង្គុយរអ៊ូ ជេរប្រមាថ ឬអង្គុយចាំតែបន្ទោសលើរាជរដ្ឋាភិបាលមួយមុខនោះទេ ពួកគេក៏បានប្រឹងប្រែងស្វះស្វែងរកនូវដំណោះស្រាយ ឬរកវិធីផ្សេងៗសម្រាប់ដោះស្រាយបញ្ហារបស់ពួកគេជាមួយរាជរដ្ឋាភិបាល។

ព្រោះតែទម្លាប់មិនរអ៊ូពេលជួបបញ្ហានេះហើយ ទើបបានធ្វើឲ្យប្រជាជននៃជាតិសាសន៍របស់ប្រទេសក្នុងតំបន់អាស៊ីដូចតែខ្មែរដែរនេះ មានគំនិតវៃឆ្លាត បង្កើតបាននូវឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលឆ្លើយតបការប្រឈមក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។

ប្រជាពលរដ្ឋខ្មែរ ដែលជាជាតិសាសន៍អាស៊ីដូចជាចិន ជប៉ុន និងកូរ៉េដែរនេះ គួរតែមានការផ្លាស់ប្តូរទម្លាប់ និងឥរិយាបថរបស់ខ្លួនដោយអត់ធ្មត់ខ្ពស់ពេលជួបបញ្ហា ហើយប្រែក្លាយពីការនាំគ្នារអ៊ូរទាំ និងជេរប្រមាថ ទៅជាការស្វែងរកដំណោះស្រាយទើបជាការប្រសើរ។ ដំណោះស្រាយទាំងឡាយវាមិនអាចកើតចេញបានដោយការអង្គុយរអ៊ូ ឬជេរប្រទេសផ្តាសានោះឡើយ៕