(ក្រចេះ)៖ លោក វ៉ា ថន ប្រធានកិត្តិយសសាខាកបាទក្រហមកម្ពុជាខេត្តក្រចេះ, លោក ហឿ ស៉ីយ៉ែម អនុប្រធានគណៈកម្មាធិការសាខា និងសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខាស្រុកសំបូរ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ទៅចែកជូនដល់គ្រួសារក្រីក្រ គ្រួសារចាស់ជរា សរុបចំនួន៧៥គ្រួសារ នៅភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ លោក វ៉ា ថន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច។ ទន្ទឹមនឹងនេះ ត្រូវមើលថែទាំក្មេងៗ និងចាស់ជរាឲ្យបានល្អ ជាពិសេសត្រូវរក្សាទុកទឹកសម្រាបប្រើប្រាស់ឲ្យបានត្រឹមត្រូវ ព្រោះរដូវក្តៅ និងខិតចូលមកដល់ខាងមុខនេះ ដូចនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីការថែរក្សា និងទុកដាក់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ក្រុមការងារបានចែកជូនប្រជាពលរដ្ឋនាពេលនោះ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ, មុងចិន១, និងថវិកា ៣០,០០០រៀលផង៕