(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមានផ្លូវថ្នល់ និងស្ពាន ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អ អាចឱ្យបងប្អូនប្រជាពលរដ្ឋដឹកជញ្ជូនកសិផល ​និងទំនិញបានច្រើន ទាន់ពេលវេលា ចំណាយតិច និងអាចទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិមកបង្កើតការងារធ្វើបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងដូចនេះ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម។ ពិធីនោះក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក និងកម្មក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រមាណ១០០នាក់ ។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងបន្តថា ក្រសួងមានគម្រោងត្រូវអនុវត្តលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ មួយចំនួនដូចជា គម្រោងសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ គម្រោងដឹកជញ្ជូនតាមទន្លេ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងៗទៀតជាច្រើន។

«ដោយហេតុថាយើងជាប្រទេសឋិតក្នុងតំបន់មហាអនុតំបន់មេគង្គ ដែលនាពេលថ្មីៗកន្លងទៅនេះបណ្ដាប្រទេសក្នុងតំបន់នេះ បានព្រមព្រៀងគ្នាបើកច្រកទ្វារព្រំដែន និងដាក់ខ្សែផ្លូវដឹកជញ្ជូនឆ្លងកាត់ប្រទេសនីមួយៗបន្ថែមទៀត ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិកាន់តែរីកចម្រើនថែមទៀត»។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបផងដែរអំពីសមិទ្ធផលនានា ដែលកើតចេញពីផែនការ១០០ថ្ងៃ។ ជាពិសេសកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីព័ត៌មានផ្លូវជង្ហុកសំបុកមាន់ ជូនក្រុមការងារជួសជុល និងថែទាំបានទាន់ពេលវេលា ដើម្បីកុំឱ្យផ្លូវខូចកាន់តែធំ។

លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ និងបន្តធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរមួយកម្រិតទៀត ស្របតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «ធ្វើឱ្យបានលឿន ធ្វើឱ្យមាន ប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព»។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ថ្នាក់អស្សរិទ្ធិ មេដាយមាស និងមេដាយប្រាក់ ជូនមន្ត្រីឆ្នើមនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម ព្រមទាំងជូនថវិកាក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ៕