(ភ្នំពេញ)៖ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Baek Sook-Hee អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានជួបជជែកគ្នាលើបញ្ហាជាច្រើនលើគម្រោងនានា ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា។

ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ លោកស្រី Baek Sook-Hee និង លោក ឈៀង យ៉ាណារ៉ា បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ KOICA និងជំនួយឥតសំណងរបស់ KOICA សម្រាប់ប្រទេសកម្ពុជាក៏ដូចជាការផ្លាស់ប្តូរទស្សនៈ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូរវាងប្រទេសទាំងពីរកម្ពុជានិងកូរ៉េ។

ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើរបៀបវារៈមួយចំនួនរួមមាន៖ ពិនិត្យវឌ្ឃនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក, អាទិភាពរបស់រាជរដ្ខាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ឋសាស្រ្តចតុកោណ ដំណាក់កាលទី៤, គោលនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូងរបស់សាធារណរដ្ឋកូរ៉េ (New Southern Policy) និងកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

លោក ឈៀង យ៉ាណារ៉ា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េដែលបានផ្តល់ជំនួយដ៏មានតម្លៃដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសំរេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្រ។

លោកបានលើកឡើងថា តាមរយៈទំនាក់ទំនងល្អរយៈពេលពីរទសវត្សរ៍កន្លងមកនេះ សាធារណរដ្ឋកូរ៉េផ្តល់នូវកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិជ្ជារយៈពេលវែង ​ហើយការគាំទ្រពីសាធារណរដ្ឋកូរ៉េសម្រាប់កម្ពុជាត្រូវបានកើនឡើងទ្វេដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

លោកក៏បានលើកឡើងថា «សាធារណរដ្ឋកូរ៉េជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់យើង។ សាធារណរដ្ឋកូរ៉េ បន្តរក្សាការគាំទ្រខ្ពស់របស់ខ្លួន ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងហោចណាស់ ៤០ភាគរយ នៃជំនួយរបស់ខ្លួនចំពោះប្រទេសកម្ពុជាជាជំនួយឥតសំណង។ ភាពជាដៃគូយុទ្ធសាស្ត្រនៅតែមានសារៈសំខាន់ និងអាទិភាពសម្រាប់ប្រទេសកម្ពុជា»

នៅក្នុងការពិនិត្យមើលឡើងវិញនូវគោលនយោបាយ ភាពជាដៃគូប្រចាំប្រទេស (Country Partnership Strategy-CPS) សម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២១ ដល់២០២៥ លោក ឈៀង យ៉ាណារ៉ា បានស្នើឱ្យភាគីកូរ៉េគួរផ្តោតលើសេដ្ឋកិច្ចឌីជីថល (Digital economy), ការប្រកួតប្រជែងកម្លាំងពលកម្មជំនាញ និងការភ្ជាប់ទៅនឹងវិស័យឯកជន និងមើលថាតើកូរ៉េអាចគាំទ្រដល់វិស័យទាំងនេះយ៉ាងដូចម្តេច?

លោក ឈៀង យ៉ាណារ៉ា ក៏បានគេជូនដំណឹងក្នុងកិច្ចប្រជុំនោះដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងជាមជ្ឈមណ្ឌលសហគ្រិនជាតិហើយវានឹងត្រូវបានដំណើរការនៅឆ្នាំក្រោយ៕