(ស្ទឹងត្រែង)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានបើកការដ្ឋានសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅកាន់ប្រទេសឡាវ ដើម្បីបំពេញតម្រូវការ អគ្គិសនីក្នុងស្រុក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ប្រាប់មកបណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។

លោក កែវ រតនៈ បានបញ្ជាក់ឲ្យដឹងទៀតថា ជំហានទី១ គឺអគ្គិសនីកម្ពុជា កំពុងតែរៀបចំភ្ជាប់ត្រឹមកម្រិតតង់ស្យុង២៣០គីឡូវ៉ុល ដើម្បីត្រៀមយកអគ្គិសនីពីប្រទេសឡាវ នៅដើមឆ្នាំ២០២១។ ដោយឡែកការបើកការដ្ឋានសាងសង់ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ៥០០គីឡូរ៉ុល នៅក្នុងជំហានទី១ អគ្គិសនីកម្ពុជាដាក់ខ្សែត្រឹមកម្រិត២៣០គីឡូវ៉ុល។

អគ្គនាយកអគ្គិសនីកម្ពុជារូបនេះបានបន្ថែមថា «យើងធ្វើបង្គោល៥០០គីឡូរ៉ុល តង់ស្យុង៥០០គីឡូរ៉ុល ប៉ុន្ដែយើងដាក់ខ្សែនៅជំហានទី១ គឺ២៣០គីឡូវ៉ុល ដើម្បីយកភ្លើងពីឡាវ មកជួយកម្ពុជា រយៈពេល២ឆ្នាំទៀត»

គួសបញ្ជាក់ថា អគ្គិសនីកម្ពុជា បានចុះហត្ថលេខា ជាមួយអគ្គិសនីឡាវទិញអគ្គិសនី២០០មេហ្កាវ៉ាត់បន្ថែម ពីឡាវនៅដើមឆ្នាំ២០២១ ដើម្បីដោះស្រាយតម្រូវការ ក្នុងស្រុកដែលមានកំណើនយ៉ាងលឿនបំផុត។

លោកអគ្គនាយក បានបញ្ជាក់ថា វិធានការទិញអគ្គិសនីពីប្រទេសឡាវនេះ សម្រាប់ជាពិសេសក្នុងពេលកម្ពុជារង់ចាំ ការបញ្ចប់ការសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០មេហ្កាវ៉ាត់ នៅក្រុងព្រះសីហនុ នៅឆ្នាំ២០២៤ និងរោងចក្រដើរ ដោយពន្លឺព្រះអាទិត្យ២៤០មេហ្កាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ។

ជាមួយគ្នានេះ ក្នុងរដូវប្រាំងនេះដែលអាកាសធាតុក្តៅខ្លាំងខុសប្រក្រតីនោះ លោកអគ្គនាយកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី ដោយសន្សំសំចៃ និងសូមការយោគយល់ចំពោះ ការរអាក់រអួល នៃការផ្គត់ផ្គង់អគ្គិសនីផងដែរ៕