(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ឌីជីថលកម្ពុជា ឆ្នាំ២០១៩ នឹងបង្កើតឱកាសសម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងអ្នកវិនិយោគ ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងបង្កើតបណ្តាញជំនួញ និងការវិនិយោគ ការលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ឌីជីថល និងការដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យបច្ចេកវិទ្យា។ ជាការពិត ការទទួលយកបច្ចេកវិទ្យា ដោយវិស័យឯកជន និងរដ្ឋាភិបាល នឹងក្លាយជាកន្លែង ដើម្បីបង្កើនផលិតភាព និងការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិ។

ការថ្លែងបែបនេះ របស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន គឺក្នុងឱកាសដែលោកអញ្ជើញចូលរួមពិធីបើកសម្ពោធ កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ខណៈការតាំងពិព័រណ៍ មានរយៈពេល៣ថ្ងៃ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងបញ្ជាក់បន្តថា សេដ្ឋកិច្ចរបស់កម្ពុជា បានផ្លាស់ប្តូរពីការពឹងតែ ទៅលើវិស័យកសិកម្មជាមូលដ្ឋាន មកជាអ្នកផ្តល់សេវាកម្ម និងឧស្សាហកម្ម ក្នុងធ្វើសមាហរណកម្មសង្វាក់តម្លៃទៅកាន់តំបន់ និងពិភពលោក។ ការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យបច្ចេកវិទ្យា ក៏នឹងផ្តល់នូវឱកាស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងវិស័យដទៃទៀតដូចជា សុខភាពសាធារណៈ សន្តិសុខស្បៀង ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអប់រំផងដែរ។

ដោយឡែកលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កម្ពុជាបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍យ៉ាងច្រើន ដើម្បីធានាថា បច្ចេកវិទ្យាជាឆ្អឹងខ្នងរបស់ប្រទេស ដែលអាចគាំទ្រដល់កំណើនយ៉ាងឆាប់រហ័ស និងគ្មានដែនកំណត់ក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។ ព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា លើកដំបូងនេះ ដែលរៀបចំក្រោមកិច្ចសហការ ដោយរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជននេះ មានវត្តមានវាគ្មិនជំនាញបច្ចេកវិទ្យាឌីជីថលជាតិ និងអន្តរជាតិ ចូលរួមប្រមាណ១០០នាក់ និងមានស្តង់តាំងពិព័ណ៍ប្រមាណ១៥០ស្តង់។

សូមបញ្ជាក់ថា អ្នករៀបចំពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ មានក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលជាច្រើន មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ មកចូលរួមកម្មវិធី ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩, ផែនទីបង្ហាញផ្លូវអាស៊ាន ទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវបានរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំ របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ គឺជាសន្និសីទផ្នែឌីជីថល និងបច្ចេកវិទ្យាដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ រយៈពេល ៣ ថ្ងៃនេះ មានវាគ្មិនសំខាន់ ១០០រូប ចូលរួមធ្វើបទបង្ហាញ និងការពិភាក្សាប្រធានបទសំខាន់ៗ ដែលដឹកនាំដោយអ្នកជំនាញ ទៅលើប្រធានបទបច្ចេកវិទ្យាឌីជីថលដ៏សំខាន់ និងមានអ្នកតាំងពិព័រណ៍ជាង១៥០ស្ដង់ និងមានឱកាសជាបន្តបន្ទាប់ ក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយអ្នកជំនាញ ដែលមានគំនិតដូចគ្នាៗ នៅទូទាំងអាស៊ីអាគ្នេយ៍, អាស៊ី, អឺរ៉ុប និងអាមេរិកខាងជើង។

អ្នកសម្របសម្រួលវេទិកាគោលនយោបាយ របស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) លោក ប៉ែន ចាន់ដា នាយកប្រតិបត្តិនៃក្រុមហ៊ុន Bongloy Payments ដែលជាអ្នកជំនួញខាងឌីជីថល និងសហគ្រិនបច្ចេកវិទ្យា បានសម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅរាជធានីភ្នំពេញ។ លោកបានលើកឡើងថា «ពិព័រណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ គឺធ្វើឡើងនៅចំពេល និងចំទីកន្លែង នៅរាជធានីភ្នំពេញ ដែលជាកន្លែងប្រមូលផ្គុំដោយគំនិតច្នៃប្រឌិតថ្មី, អ្នកអភិវឌ្ឍ និងសហគ្រិនវ័យក្មេង ដែលកំពុងធ្វើការផ្លាស់ប្តូររូបរាងឡើងវិញ ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា, ជំរុញបច្ចេកវិទ្យាឌីជីថលឆ្ពោះទៅមុខ ក្នុងល្បឿនយ៉ាងឆាប់រហ័ស និងទាក់ទាញការយកចិត្តទុកដាក់ ពីអ្នកវិនិយោគបច្ចេកវិទ្យាឌីជីថលសកល និងក្រុមហ៊ុនផ្ដល់ដើមទុនវិនិយោគ។ ខ្ញុំមានសេចក្តីរំភើប ដែលបានចូលរួមជាផ្នែកមួយ នៃកម្មវិធីនេះ ហើយទន្ទឹងរងចាំនូវអ្វីទាំងអស់ដែលត្រូវផ្តល់ឲ្យ»