(បន្ទាយមានជ័យ)៖ សិស្សានុសិស្ស​៧៧៨នាក់ នៅសាលាបឋមសិក្សាភូមិរការថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទទួលអំណោយជា សម្ភារសិក្សា និងថវិកាមួយចំនួនរបស់​លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច១ ខ្មៅដៃ១ បន្ទាត់១ ជ័រលុប១ និងថវិកា២០០០រៀល ចំណែក​លោកគ្រូ អ្នកគ្រូ២៩នាក់ ក្នុងម្នាក់ៗ​ថវិកា៥ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភសម្ភាកីឡា​ដល់សាលាផងដែរ។​

ការប្រគល់អំណោយនេះ ធ្វើឡើងដោយសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) សាខាខេត្តបន្ទាយមានជ័យ នៅរសៀល​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយ លោក ស្លៃម៉ាន មូសា ប្រធាន ស.យ.ម.ក សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួម ពីលោកប្រធានគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម ខេត្តបន្ទាយមានជ័យ សមាជិក សមាជិកា​ស.យ.ម.ក និង​ស.ស.យ.ក និងអជ្ញាធរមូលដ្ឋាន​។

គួរបញ្ជាក់ថា សាលាបឋមសិក្សាភូមិរការថ្មី ឃុំស្វាយចេក គឺជាអតីតសាលាបឋម​ដែល ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ធ្លាប់សិក្សាថ្នាក់បឋម កាលនៅកុមារភាព គឺអាយុប្រមាណ៨ឆ្នាំ។ នេះបើយោងតាមការជម្រាបផ្ទាល់របស់ លោក​ក្នុងឱកាសដែល​អញ្ជើញសួរសុខទុក្ខ សំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូសាលានេះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩​កន្លងទៅ៕