(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X ស្មាតហ្វូនជំនាន់ថ្មី​អេក្រង់បត់ ព្រមទាំងការឈ្នះពានរង្វាន់ផ្ទួនៗ រហូតដល់​៣៤ពានរង្វាន់ នៅក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress), ដោយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន Huawei បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបង្ហាញ​កំពូលស្មាតហ្វូនដ៏អស្ចារ្យនេះនៅប្រទេសកម្ពុជា ក្នុងកម្មវិធីដ៏ពិសេស ដែលបានរៀបចំឡើងនៅការិយាល័យក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា នៅអគារ Exchange Square ជាន់ទី១៨។

កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនចែកចាយផ្លូវការ ផ្តាច់មុខទូទាំងប្រទេស និងក្រុមហ៊ុន Yako Technologies Co., Ltd អ្នកសារព័ត៌មានដៃគូអាជីវកម្ម កំពូលតារាចម្រៀងលោកនីកូ និងភ្ញៀវកិតិ្តយសប្រមាណជាង៥០នាក់។

លោក នីកូ បានក្លាយជាអ្នកដែលបានប៉ះកំពូលស្មាតហ្វូននេះផ្ទាល់ មុនគេបង្អស់នៅប្រទេសកម្ពុជា។ រីឯ​បណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ពិតជារំភើបយ៉ាងខ្លាំងនៅពេលបានឃើញផ្ទាល់ ប៉ះផ្ទាល់ និងធ្វើការសាកល្បងប្រើកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ។ វាហាក់បីដូចជាលើសពីការរំពឹងទុក នៅពេលដែលបានឃើញស្មាតហ្វូនអេក្រង់បត់យ៉ាងល្អឥតខ្ចោះ ដែលមិននឹកស្មានមិនដល់បែបនេះ។

ស្មាតហ្វូន Huawei Mate X ជាស្មាតហ្វូនអេក្រង់អាចបត់បាន ដំណើរការដោយបច្ចេកវិទ្យា 5G លឿនជាងគេនៅក្នុងពិភពលោក និងមានកម្រាស់ស្តើងត្រឹមតែ១១មីលីម៉ែត្រប៉ុណ្ណោះ។ ក្រៅពីការរចនាអេក្រង់បត់យ៉ាងអស្ចារ្យ​នោះ វាក៏ដំណើរការដោយបន្ទះឈីប Kirin ៩៨០ អង្គចងចាំ( RAM) ទំហំ៨GB និងអង្គផ្ទុកទិន្និន័យ (​ROM) ៥១២GB ដំណើរការដោយបច្ចេកវិទ្យាសាកថ្ម SuperCharge កម្លាំង 55W និងថាមពលថ្មទំហំ 4,500mAh។

លោក Henry Xiao, Country Director​​ របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ​នេះជា​ស្មាតហ្វូនជំនាន់ថ្មីប្រភេទអេក្រង់បត់ ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខ។ ក្រុមហ៊ុន Huawei បានបង្កើតស្មាតហ្វូននេះឡើង ដើម្បីផ្តល់បទពិសោធន៍ថ្មីបំផុត និងកាន់តែអស្ចារ្យជាងស្មាតហ្វូនសាមញ្ញធម្មតា។​ លើសពីនេះទៅទៀត Huawei ជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបង្ហាញស្មាតហ្វូនអេក្រង់បត់នៅប្រទេសកម្ពុជា។

ក្រៅពីការបង្ហាញកាលពីម្សិលមិញ​ Huawei Mate X នឹងមានការដាក់តាំងបង្ហាញ នៅក្នុងស្តង់របស់ក្រុមហ៊ុន​ Huawei ក្នុងកម្មវិធី Digital Cambodia ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ នៅកោះពេជ្រ ថ្ងៃទី១៥ ខែមីនាផងដែរ។ កុំភ្លេចទៅស្តង់ Huawei ដើម្បីបានឃើញផ្ទាល់កំពូលស្មាតហ្វូន Huawei Mate X ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមធ្វើអាជីវកម្មនៅប្រទេសកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកហើយ ​ដែលបានរួមចំណែកក្នុងការអភិវឌ្ឍ ផ្នែកទំនាក់ទំនងព័ត៍មានវិទ្យានៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំ២០១៩នេះ ជាខួប ២០ឆ្នាំ​របស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបេសកកម្ម និងទស្សនៈវិស័យច្បាស់លាស់ ដែលនាំមកនូវប្រព័ន្ធឌីជីថលទៅកាន់អ្នកគ្រប់គ្នា និងចង់ផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនទៅមុខ៕