(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងជំរុញការលើកទឹកដល់ធុរជនកូរ៉េខាងត្បូង ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមគោលនយោបាយខាងត្បូងថ្មី របស់លោកប្រធានាធិបតី មូន ចេអ៉ីន។

ការអំពាវនាវរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងក្នុងវេទិកាធុរកិច្ច​កម្ពុជា-កូរ៉េលើក ទី៤ នាវិមានសន្តិភាព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពក្រោមអធិបតីរបស់សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងលោកប្រធានាធិបតី មូន ចេអ៉ីន។

អ្នកឧកញ៉ាបន្តថា ជាការពិតណាស់ វេទិកាធុរកិច្ចកម្ពុជា-កូរ៉េនេះត្រូវបាន​សហការ​រៀបចំឡើង ដោយ​សភាពាណិជ្ជកម្ម​​កម្ពុជា និងសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ​ដោយមានការគាំទ្រពី​ក្រសួង​ពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះពិភពលោក​កំពុង​មាន​បញ្ហាប្រឈមជាច្រើនទាក់ទង នឹងសង្គ្រាមពាណិជ្ជកម្ម ​រវាង​សហរដ្ឋអាមេរិក និងចិន។ ខ្ញុំសូមលើកទឹកចិត្តដល់ធុរជនកូរ៉េ ធ្វើការវិនិយោគបន្ថែម នៅកម្ពុជាលើវិស័យជាច្រើនផ្សេងៗ ស្របតាមគោលនយោបាយខាងត្បូងថ្មី ដែលផ្តួចផ្តើមដោយឯកឧត្តមប្រធានាធិបតី មូន ចេអ៉ីន»

ប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនះបន្ថែមថា វត្តមានសម្តេច​តេជោនាយក​រដ្ឋមន្ត្រី និងប្រធានាធិបតី ក្នុង​វេទិកា​ធុរកិច្ច​ថ្ងៃនេះ ពិត​ជា​ផ្តល់​នូវ​ជំនឿចិត្ត​សម្រាប់​វិនិយោគិន​​ទាំងពី​រ​ប្រទេស។ កូរ៉េ គឺ​ជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ប្រទេសទាំងពីរបានចុះ​ហត្ថ​លេខា លើសន្ធិសញ្ញាវិនិយោគទ្វេភាគីនៅក្នុងឆ្នាំ១៩៩៧។

ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៧ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី មូន ចេអ៉ីន នៅកម្ពុជានៅពេលនេះនឹង​ត្រូវបាន​កំណត់ជាប្រវត្តិសាស្ត្រ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេរភាគី និង​ឆ្លុះបញ្ចាំង​ឲ្យឃើញនូវ​រូបភាពវិជ្ជមាន សម្រាប់ធុរជនកូរ៉េធ្វើការវិនិយោគនៅកម្ពុជា ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រធុរកិច្ច។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា គិត ម៉េង។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវសក្តានុពល និងឱកាសវិនិយោគនៅប្រទេសកម្ពុជា ជូនធុរជនកូរ៉េផងដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានភាពរីកចម្រើនលឿនបំផុត នៅលើពិភពលោក និងប្រកបដោយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយ។

អ្នកឧកញ៉ាបញ្ជាក់ថា ក្នុងរយៈពេលមធ្យមកម្ពុជានឹងអាចរក្សាបាននូវកំណើន៧%ក្នុងមួយឆ្នាំ ហើយ​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​គន្លង​នៃ​ការ​​ឈាន​ទៅ​សម្រេច​បាន ​ឋានៈជាប្រទេស​មាន​​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​នៅ​ត្រឹមឆ្នាំ​២០៣០ និង​ប្រទេស​មាន​​ប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ កម្ពុជាមានទីតាំងយុទ្ធសាស្រ្ត ស្ថិតនៅចំបេះដូងអាស៊ាន ដែលជាតំបន់ប្រកបដោយ​ថាមពល មានផលិតផលក្នុងស្រុកសរុបចំនួន២.៧ទ្រីលានដុល្លារ និងជាទីផ្សារមានទំហំដ៏ធំ​មាន​ប្រជាជន​ចំនួន​៦៤០លាននាក់។

សូមជម្រាបថា ការវិនិយោគរបស់​កូរ៉េនៅកម្ពុជា មានចំនួន២១២គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុប​ចំនួន៤,៥៦ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨។ ចំណែកពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០១៨ ទំហំ​ពាណិជ្ជកម្ម​​សរុប មានចំនួន៩៧៥លានដុល្លារ កើនឡើង១១% បើប្រៀបធៀប​នឹង​ឆ្នាំ២០១៧។ ឆ្នាំ​កន្លងទៅនេះ ភ្ញៀវទេសចរកូរ៉េមកទស្សនា​កម្ពុជា​ មាន​ចំនួន​​ជាង​៣០​ម៉ឺន​នាក់។ ជាង​នេះ​ទៅទៀត វប្បធម៌កូរ៉េ ជាពិសេស ភាពយន្ត និងតន្ត្រី បាន​និង​កំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ក្នុងចំណោម​ប្រជាជនកម្ពុជា៕