(កោះកុង)៖ នាយឧត្តមនាវី ទៀ វិញ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានផ្តល់រថយន្តដឹកទឹកចំនួន២គ្រឿង ដើម្បីយកទៅដឹកទឹកជូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់មាត់ព្រែកចំនួន២ភូមិ មានចំនួន៣៥២គ្រួសារ ស្ថិតនៅភូមិ១-២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ចំណាត់ការខាងលើនេះ បានកើតឡើង ដោយសារនាយឧត្តមនាវី ទៀ វិញ បានទទួលព័ត៌មាន ក្នុងពិធីបិតសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុង។ នៅក្នុងកិច្ចប្រជុំនេះ លោកទទួលបានសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋក្នុងខេត្ត កំពុងរងផលប៉ះពាល់កង្វះទឹកប្រើប្រាស់ យ៉ាងធ្ងន់ធ្ងរអស់រយៈពេល ជាង២ខែមកហើយ។ ហេតុដូច្នេះ ដើម្បីជួយដោះស្រាយនៅទុក្ខកង្វល់ នៃផលប៉ះពាល់កង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នាយឧត្តមនាវី ក៏សម្រេចបានផ្តល់រថយន្តចំនួន២គ្រឿង ក្នុងការជួយដឹកទឹកផ្តល់ជូនប្រជាពលរដ្ឋតែម្តង។

ប្រជាពលរដ្ឋទាំង២ភូមិ មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលនាយឧត្តមនាវី ទៀ វិញ បានផ្តល់រថយន្តចំនួន២គ្រឿង ជួយដឹកជញ្ជូនទឹកចែកជូនពួកគាត់ក្នុងភូមិសាស្រ្តជាប់មាត់ព្រែក ខណៈកំពុងខ្វះទឹកសាបប្រើប្រាស់អស់រយៈពេលជាង២ខែមកហើយ។

លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានថ្លែងថា លោករីករាយណាស់ ដែលនាយឧត្តមនាវី ទៀ វិញ ផ្តល់រថយន្តដឹកទឹកចំនួន២គ្រឿង សម្រាប់ចែកជូនប្រជាពលរដ្ឋស្រុកមណ្ឌលសីមា ដែលមានផលប៉ះពាល់កង្វះទឹកសាបប្រើប្រាស់ជាប្រចាំសម្រាប់បងប្អូន។

លោកបានបន្ថែមថា រដ្ឋបាលស្រុក បានដាក់ធុងទឹកចំនួន២កន្លែង។ ទីតាំងទី១៖ ស្ថិតក្នុងភូមិ១ ទីតាំងទី២៖ ក្នុងភូមិឃុំពាមក្រសោបនេះ ហើយចំពោះរថយន្ត នឹងដឹកជញ្ជូនទឹកដាក់បញ្ចូលក្នុងធុងនេះ ជាប្រចាំទុកសម្រាប់បងប្អូន ដែលខ្វះទឹកសាបប្រើប្រាស់មកបូមយកទៅប្រើប្រាស់៕