(ភ្នំពេញ)៖ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នៅវេលាម៉ោងជាង៩៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

អំឡុងពេលមកដល់ប្រទេសកម្ពុជា នៅថ្ងៃដំបូង លោកបានជួបសំណេះសំណាលជាមួយនឹង វិនិយោគិន និងប្រជាពលរដ្ឋកូរ៉េ ក្នុងសហគមន៍កូរ៉េនៅកម្ពុជា ព្រមទាំងបានជួបទទួលទានអាហាររួមគ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

នៅព្រឹកនេះបន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ តាមកម្មវិធី គឺលោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ហើយអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព៕