(ឧត្តរមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងការ សោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលព័ត៌មានថា មានបងប្អូនប្រជាពលរដ្ឋចំនួន២នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ដោយសារផ្ទុះមីនតោន ដែលជាឃាតលលាក់មុខនៅផ្លូវបារាំង ភូមិសែនសំ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានអាជ្ញាធរមីន បានថ្លែងប្រាប់អង្គភាព Fresh News។

បើតាមលោកទេសរដ្ឋមន្រ្តី, សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះគ្រួសារនៃសព និងសូមឲ្យវិញ្ញាណក្ខន្ធ លោកទាំងពីរបានទៅសោយសុខគតិភព និងកុំឲ្យមានអាយុខ្លីដូចជាតិនេះទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំនិងលះបង់គ្រប់បែបយ៉ាង ដើម្បីបញ្ចប់សង្រ្គាម និងសង្រ្គោះប្រទេសជាតិ និងប្រជាជនឲ្យចេញផុតពីសោកវិនាសកម្មដោយសារសង្រ្គាមខ្មែរ និងខ្មែរ រហូតដល់ប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែកាកសំណល់ពីសង្រ្គាមនៅតែជាទុក្ខកង្វល់របស់សម្តេចតេជោ ពីព្រោះវាជាឃាតក លាក់មុខ ហើយបានសម្លាប់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់។

ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូល និងយកគ្រឿងចក្រធន់ធ្ងន់ចូលទៅរុករាន់ដីថ្មី នៅក្នុងតំបន់ភូមិសាស្រ្ត អតីតសមរភូមិ ដោយប្រថុយប្រថាន និងជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី ស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំយកសំណល់ជាតិផ្ទុះពីសង្រ្គាមទៅធ្វើការកែច្នៃសម្រាប់ ប្រើប្រាស់ផ្សេងៗជាដាច់ខាត ពីព្រោះវានឹងធ្វើឲ្យបងប្អូនរបួស និងស្លាប់បាន ហើយការកែច្នៃសំណល់ជាតិផ្ទុះពីសង្រ្គាមគឺជាទង្វើខុសច្បាប់ថែមទៀត។ នេះជាការបន្ថែមពីលោក លី ធុជ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមាន៖

*ទី១៖ ឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ ឆ្នាំរស់នៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងទី២៖ ឈ្មោះ មៅ កំសត់ អាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ដោយឡែកជនរងគ្រោះ ដែលរងរបួសឈ្មោះ តែម ប៊ុនធីម អាយុ៤៩ឆ្នាំ រស់នៅត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ៕