(ភ្នំពេញ)៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោក កែន សម្បត្តិ បានជំរុញឲ្យអ្នកជាប់ពន្ធទាំងអស់ ចូលរួមប្រើប្រាស់នូវប្រព័ន្ធ និងកម្មវិធី របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានសេវាអ្នកជាប់ពន្ធដែលមានភាពសាមញ្ញ ងាយស្រួល មានគុណភាព ប្រកបដោយតម្លាភាព និងឆាប់រហ័ស ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវប្រព័ន្ធអន​ឡាញ សម្រាប់គ្រប់គ្រងលើតម្លៃអាករបន្ថែម។

ការជំរុញនេះ បានធ្វើឡើងខណៈលោក កែន សម្បត្តិ អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងនីតិវិធីនៃការស្នើរសុំបង្វិលសង និងការប្រើប្រាស់ឥណទាន អាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ» របស់អគ្គនាយកដ្ឋានពន្ធដារ ដល់សាធារណៈជន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

សិក្ខាសាលានេះ ក៏មានការចូលរួមពី ប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធាន-អនុប្រធានសាខាពន្ធដារខណ្ឌទាំង៩ នៃរាជធានីភ្នំពេញ មន្ត្រីពន្ធដារ ព្រមទាំងតំណាងសហគ្រាស ដែលស្ថិតក្នុងរាជធានីភ្នំពេញប្រមាណ១២០០សហគ្រាសផងដែរ។

លោក កែន សម្បត្តិ បានបញ្ចាក់ថា ក្នុងនាមជាអ្នកគ្រប់គ្រង​ប្រមូលចំណូលពន្ធ ជូនរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញសហគ្រាសរីកចម្រើន លូតលាស់ ធំធាត់ ហើយប្រកាស​មានប្រាក់ចំណេញបង់ជូនរដ្ឋ និងពិតជាមិនចង់ឃើញសហគ្រាសប្រកាសខាត បង់ពន្ធខ្វះ មានបញ្ចីគណនេយ្យ២ ឬ៣នោះទេ ដោយរំពឹងថា នឹងមិនមានការកិបកេងបន្លំពន្ធ ហើយរងការកំណត់ពន្ធឡើងវិញ ទទួលរងពិន័យ​ទោសទណ្ឌ ព្រមទាំងការប្រាក់នោះទេ។

លោកសង្ឃឹមយ៉ាង​មុតមាំថា សិក្ខាកាមដែលបានចូលរួមនៅក្នុងសិក្ខាសាលនេះ នឹងទទួលបានចំណេះដឹង ចំណេះធ្វើ​ជាបទបញ្ញាត្តិ និងជាបទពិសោធន៍ ពាក់ព័ន្ធដល់ការបំពេញកាតព្វកិច្ចពន្ធដារ របស់អ្នកជាប់ពន្ធ ហើយក៏ជាប្រយោជន៍យកទៅអនុវត្ត ឲ្យបានត្រឹមត្រូវតាមបទបញ្ញាត្តិ និងលិខិតបទដ្ឋាន ស្តីពីពន្ធដារជាធរមាន ជាពិសេសការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូល និងការបំពេញនីតិវិធីនៃការស្នើ​សុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករ លើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ។

លោក កែន សម្បត្តិ ក៏បានសំណូមពរឲ្យអ្នកជាប់ពន្ធទាំងអស់ ត្រូវរុះរាន់ក្នុងការដាក់លិខិតប្រកាសបង់ពន្ធ លើប្រាក់ចំណូល ដែលនឹងផ្តល់ឱសានវាទនៅបំណាច់ខែមីនា ហើយសូមធ្វើការប្រកាសឲ្យបានស្មោះត្រង់៕​