(ក្រចេះ)៖ ហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងបណ្ដាលមកពីកូនប្រុសម្នាក់ ប្រើប្រាស់សារធាតុញៀនលើសចំណុះ រហូតដុតផ្ទះម្ដាយខ្លួនឯងឆេះខ្ទេចគ្មានសល់ ហើយរត់គេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង១៖១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចភូមិវេវច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា ផ្ទះដែលអគ្គិភយ័ឆាប់ឆេះនោះ គឺធ្វើអំឈើប្រកស័ង្កសី មានទំហំទទឹង៧,៥ម៉ែត្រ និងបណ្ដោយ១៥ម៉ែត្រ ដែលម្ចាស់ផ្ទះឈ្មោះ ចេត យុំ ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ ឃុំខាងលើ។

មូលហេតុដែលអគ្គិភ័យកើតឡើងនោះ បណ្ដាលមកពីឈ្មោះ អែល ហីម ភេទប្រុស អាយុអាយុ៣១ឆ្នាំ ត្រូវជាកូនម្ចាសផ្ទះបានធ្វើសកម្មភាពដុតផ្ទះចោល បណ្តាលមកពីប្រើសារធាតុញៀន លើសចំណុះ ហើយក្រោយពីធ្វើសកម្មភាពដុតបំផ្លាញផ្ទះម្ដាយរបស់ខ្លួន បានរត់គេចខ្លួនបាត់ស្រមោល។

តាមរបាយការណ៍បញ្ជាក់ទៀតថា ក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះនេះ នគរបាលបានយករថយន្ដសង្គ្រោះអគ្គិភ័យ របស់អធិការដ្ឋាននគបាលស្រុកស្នួល ជួយពន្លត់ដោយប្រើទឹកអស់ចំនួន២រថយន្ដ ទើបរលត់ជាស្ថាពរនៅវេលាម៉ោង ៣៖៣០នាទីទៀបភ្លឺនេះ៕